(សៀមរាប)៖ ទេសរដ្ឋមន្ត្រី លី ធុជ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ា២០២៤ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី, កម្ពុជានៅតែជាប្រទេសឈានមុខគេ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន ដោយឈរលើឆាកអន្តរជាតិ។
ការគូសបញ្ជាក់បែបនេះ របស់ទេសរដ្ឋមន្ត្រី លី ធុជ ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នៅក្នុងខេត្ដសៀមរាប។
ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលការលះបង់ក្នុងបុព្វហេតុ នៃសកម្មភាពមីន បានធ្វើឱ្យបេសកកម្មរបស់យើងមានកម្លាំងឡើងវិញ។
ទេសរដ្ឋមន្ត្រី លី ធុជ បានគូសបញ្ជាក់ថា ចំពោះរដ្ឋាភិបាលកម្ពុជា ទាំងអតីតកាល និងបច្ចុប្បន្ន ការខិតខំប្រឹងប្រែង មិនចេះនឿយហត់ និងការប្តេជ្ញាចិត្ត ដែលមិនអាចកាត់ថ្លៃបានរបស់អ្នក បានធ្វើឱ្យការផ្លាស់ប្តូរនេះ អាចទៅរួច ហើយយើងសូមគោរពដល់ការដឹកនាំរបស់សម្តេច។
ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់យ៉ាងដូច្នេះថា «ការប្តេជ្ញាចិត្តរបស់សម្តេចមហាបវរធិបតី ធានាថា កម្ពុជានៅតែជាប្រទេសឈានមុខគេលើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន ដោយឈរលើឆាកអន្តរជាតិជាប្រទេស ដែលមិនត្រឹមតែរស់រានមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរីកចម្រើនទៀតផង»។
ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា ការដឹងគុណចំពោះដៃគូរបស់យើង នៅពេលដែលយើងឆ្លុះបញ្ចាំងពីតួនាទីរបស់ប្រទេសកម្ពុជា ក្នុងការធ្វើជាអធិបតី និងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រវត្តិសាស្ត្រ យើងត្រូវទទួលស្គាល់ ការរួមចំណែកយ៉ាងជ្រាលជ្រៅរបស់ដៃគូ ដែលគួរឱ្យគោរពទាំងអស់ ដែលបានឈរក្បែរយើង ក្នុងដំណើរនេះ។
បើតាមទេសរដ្ឋមន្ត្រី លី ធុជ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន មិនមែនគ្រាន់តែជាកិច្ចប្រជុំ នៃប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ឡើងវិញ ជាការប្តេជ្ញាចិត្តរូមគ្នាយ៉ាងឥតងាករេ របស់យើងចំពោះសន្តិភាព សេចក្តីថ្លៃថ្នូរ និងសាមគ្គីភាព។
ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា «យើងរួមគ្នាឈរនៅផ្លូវបំបែកនៃប្រវត្តិសាស្ត្រ ដែលការចងចាំដ៏ឈឺចាប់នៃជម្លោះ កំពុងត្រូវបានជំនួសដោយអនាគត ដែលបង្កើតឡើងដោយក្តីសង្ឃឹម ភាពធន់ និងសន្តិភាព»។
ទេសរដ្ឋមន្ត្រី លី ធុជ បានឲ្យដឹងថា កេរ្តិ៍ដំណែលនៃក្តីសង្ឃឹមអស់រយៈពេល២៥ឆ្នាំមក ហើយអនុសញ្ញានេះ បានក្លាយជាសញ្ញានៃក្តីសង្ឃឹមសម្រាប់មនុស្សរាប់លាននាក់ ជុំវិញពិភពលោក។ វាបានជួយសង្គ្រោះជីវិត ស្ដារសហគមន៍ និងអាចឱ្យគ្រួសារមានអនាគតឡើងវិញ។ ប៉ុន្តែវាក៏បានធ្វើអ្វីមួយបន្ថែមទៀត វាបាននាំពិភពលោកទាំងមូលរួមគ្នា ក្នុងបេសកកម្មរួមមួយ ដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរនៃជីវិត។ យើងបានរួមគ្នាបង្ហាញឱ្យឃើញថា សូម្បីតែមរតកដ៏ខ្មៅងងឹតបំផុត នៃសង្គ្រាមក៏អាចយកឈ្នះបាន នៅពេលដែលយើងរួបរួមគ្នា ក្រោមស្លាកនៃសន្តិភាព៕