(ភ្នំពេញ)៖ ក្រុមវេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងរបស់កម្ពុជា និងឥណ្ឌានាពេលថ្មីៗនេះ បានរៀបចំសិក្ខាសាលា ដើម្បីចែករំលែកការយល់ដឹង អំពីឱសថ និងការព្យាបាលថ្មីសម្រាប់អ្នកជំងឺបេះដូង។ កម្មវិធីនេះធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដោយមានការចូលរួមពីក្រុមគ្រូពេទ្យ និងអ្នកជំនាញផ្នែកសុខាភិបាលជាច្រើនរូប។

ថ្លែងក្នុងពិធីនេះលោកវេជ្ជបណ្ឌិត A Sreenivas Kumar អ្នកឯកទេសជំងឺបេះដូង អន្តរការីជាន់ខ្ពស់ និងជានាយកនៅមន្ទីរពេទ្យបេះដូង និងស្រាវជ្រាវគ្លីនិក Apollo នៃទីក្រុង Hyderabad បានឱ្យដឹងថា​ របៀបវារៈសំខាន់ៗមួយចំនួន ត្រូវបានលើកយកមកពិភាក្សា និងចែករំលែកចំណេះដឹងជូនដល់អង្គពិធី មានដូចជា៖ ការគ្រប់គ្រងជំងឺសរសៃឈាមបេះដូង ជាមួយនឹងការប្រើប្រាស់ថ្នាំ Antithrombotic ក្នុងនោះផ្តោតចម្បងលើថ្នាំ Dabigatran, Ticagrelor និង Ranolazine នៅក្នុងប្រទេសកម្ពុជា។ បទបង្ហាញពីអត្ថប្រយោជន៍ថ្នាំ Ronolazine ដែលព្យាបាល និងគ្រប់គ្រងការឈឺទ្រូងរុំារ៉ៃ។

លោកវេជ្ជបណ្ឌិតបន្តថា មនុស្សកាន់តែយល់ដឹងអំពីផលិតផលថ្មី និងព្រួយបារម្ភអំពីទម្រង់សុវត្ថិភាពនៃផលិតផលឱសថនៅលើទីផ្សារ ដូច្នេះទីផ្សារឱសថកំពុងផ្លាស់ប្តូរទៅរកថ្នាំដែលមានគុណភាព ជាជាងជម្រើសទិញឱសថធូរថ្លៃ តែគ្មានគុណភាព។

លោកវេជ្ជបណ្ឌិតបន្ថែមថា ដោយមើលឃើញពីតម្រូវការនេះ ក្រុមហ៊ុនឱសថ MSN Cambodia រំពឹងថា នឹងមានការយល់ដឹងកាន់តែច្រើន អំពីស្ថានភាពវេជ្ជសាស្ត្រ និងការព្យាបាលដែលមាននៅកម្ពុជា។ ហើយក្រុមហ៊ុន MSN នឹងបន្តរៀបចំកម្មវិធីបញ្ជ្រៀបការយល់ដឹងប្រភេទនេះថែមទៀត ក៏ដូចជាបន្តណែនាំការច្នៃប្រឌិតថ្មី ដើម្បីជាប្រយោជន៍ដល់អ្នកជំងឺនៅកម្ពុជា។

បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត A Sreenivas Kumar MSN គឺជាក្រុមហ៊ុនឱសថឥណ្ឌាដ៏ធំបំផុតមួយ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ១៣ឆ្នាំមកហើយ។ បេសកកម្មចម្បងរបស់ MSN គឺនាំយកផលិតផលប្រកបដោយភាពច្នៃប្រឌិតក្នុងតម្លៃសមរម្យសម្រាប់ប្រជាជនកម្ពុជា៕