(ភ្នំពេញ)៖ ក្នុងសម័យប្រជុំពេញអង្គលើកទី១១ គណៈប្រតិភូសភាអន្តរជាតិ បានកោតសរសើរចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ដែលកម្ពុជាបានរៀបចំយ៉ាងល្អ ក្នុងការទទួលស្វាគមន៍ រាក់ទាក់ និងបដិសណ្ឋាកិច្ច ចំពោះតំណាងប្រតិភូនៃបណ្ដាប្រទេសជាង៥០។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេល២ថ្ងៃ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការព័ត៌មាននិងអាយ ស៊ី ធី នៃសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព ហៅកាត់ថា IPTP១១ បានលើកឡើងថា ពាក់ព័ន្ធជាមួយការជួបផ្ទាល់ជាមួយតំណាង ប្រតិភូនៃបណ្ដាប្រទេសជាង៥០ គឺពួកគេបានសម្ដែងនូវទឹកចិត្តអបអរសារទរ ចំពោះប្រទេសកម្ពុជា ដែលមានសមត្ថភាពអាចរៀបចំព្រឹត្តិការណ៍អន្ដរជាតិបានសម្រេច ឲ្យមាននូវឯកសារសំខាន់បំផុតជាប្រវត្តិសាស្រ្ដ គឺធម្មនុញ្ញសន្ដិភាពសកល ដែលជាឯកសារប្រវត្តិសាស្រ្ដមួយថ្មី សម្រាប់បំពេញបន្ថែម និងជំនួយដល់ធម្មនុញ្ញា អង្គការសហប្រជាជាតិ។
លោកបានបន្ដថា «ជារួមគឺគណៈប្រតិភូទាំងអស់មានទឹកចិត្តរីករាយ និងកោតសរសើរ អរគុណចំពោះប្រទេសកម្ពុជា ទាំងរាជរដ្ឋាភិបាល និងសភា ព្រមទាំងសម្ដែងនូវការកោតសសើរ ដល់ការទទួលស្វាគមន៍ រាក់ទាក់ និងបដិសណ្ឋាកិច្ច [...]។ នេះជាមោទនភាពរបស់យើង ហើយអ្នកទាំងអស់គ្នាជឿជាក់ថា បទពិសោធន៍ គំរូ វីរៈភាពនៃដំណើរការផ្សះផ្សាជាតិ ដើម្បីបញ្ចប់សង្គ្រាម រកឃើញនូវសន្ដិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ធានាដល់ការអភិវឌ្ឍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ នេះជាចំណាប់អារម្មណ៍ របស់ថ្នាក់ដឹកនាំប្រតិភូតំណាងឲ្យប្រទេសនានាជាមិត្ត និងជាសមាជិកនៃអង្គការ IPTP»។
លោកបានបញ្ជាក់បន្ថែមថា នេះជាមោទនភាពដែលធ្វើឲ្យកេរ្តិ៍ឈ្មោះ ប្រទេសកម្ពុជា កាន់តែលេចត្រដែកដូចដែល សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ថ្លែងក្នុងឱកាសបិទថា សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពបានបញ្ចប់ តែយើងបាននិងកំពុងបើកឡើងនូវទំព័រប្រវត្តិសាស្រ្ដថ្មីមួយ ឈានដល់ការអនុវត្តធម្មនុញ្ញសន្ដិភាពសកល ដោយការរួបរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ទាំងតួអង្គរដ្ឋ មិនមានរដ្ឋ រដ្ឋាភិបាល សភា ឯកជន និងសង្គមស៊ីវិល។
លោក ទី សុគន្ធ បានថ្លែងបន្ថែមថា ដូច្នេះយើងសង្ឃឹមជឿជាក់ថា ជាមួយមោទនភាពរបស់កម្ពុជា និងការអបអរសារទរ និងគាំទ្រពី ប្រតិភូតំណាងឲ្យប្រទេសទាំងអស់ នឹងទទួលបានជោគជ័យនាពេលអនាគត៕