(ភ្នំពេញ)៖ មណ្ឌលផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានបង្កើតឡើងដើម្បីបង្ខិតសេវា និងជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវាសាធារណៈ កាត់បន្ថយនីតិវិធីស្មុគស្មាញ ចំណេញពេលវេលា មិនមានចំណាយក្រៅផ្លូវការ តម្លាភាព និងកន្លែងមានផាសុខភាព។ មណ្ឌលផ្តល់សេវាសាធារណៈបច្ចុប្បន្នមានចំនួន០៧ទីតាំង ក្នុងនោះ ៥ទីតាំង ស្ថិតនៅក្នុងរាជធានីភ្នំពេញ និង ២ទីតាំងទៀត ស្ថិតនៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ សម្រាប់បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ។
១៖ មណ្ឌលផ្តល់សេវាសាធារណៈ នៅទីស្ដីការក្រសួង៖ មានផ្ដល់ជូនសេវាសាធារណៈដូចជា ស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ អាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងកាត់ព្រំដែនតាមផ្លូវគោក តម្លើងកម្មវិធីក្នុងទូរសព្ទ (Mobile App Installation) តម្លើងឧបករណ៍ ETC-OBU សម្រាប់ចេញចូលផ្លូវល្បឿនលឿន និងដាក់ពាក្យសុំលតាបត្រទោចក្រយានយន្ត សម្រាប់ចេញចូលផ្លូវល្បឿនលឿន ដោយបើកដំណើរការចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។
អាសយដ្ឋាន៖ វិថីជាសុផារ៉ា(៥៩៨) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ https://goo.gl/maps/TnopwrMwoCtD1gMi8
២៖ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអ៊ីអនភ្នំពេញ (Aeon 1) អាសយដ្ឋាន៖ ស្ថិតនៅជាន់ទី៤ នៃផ្សារទំនើប https://goo.gl/maps/VAP4APquPEPuFKZr7
៣៖ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបអ៊ីអនសែនសុខ (Aeon 2) អាសយដ្ឋាន៖ ស្ថិតនៅជាន់ទី២ នៃផ្សារទំនើប https://goo.gl/maps/twQmv9EHHv3Nzafo6
សម្រាប់មណ្ឌលផ្ដល់សេវាសាធារណៈនៅផ្សារទំនើបអ៊ីអនភ្នំពេញ និងផ្សារទំនើបអ៊ីអនសែនសុខ មានតែស្នើសុំប្តូរ និងពន្យារបណ្ណបើកបរប៉ុណ្ណោះ ដោយបើកដំណើរការចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់ និងធ្វើការរយៈពេល៧ថ្ងៃក្នុងមួយសប្តាហ៍។
៤៖ មណ្ឌលផ្ដល់សេវាសាធារណៈ នៅផ្សារទំនើបអ៊ីអនមានជ័យ (Aeon Meanchey) ៖ ចំពោះមណ្ឌលផ្តល់សេវានេះបើកដំណើរការចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់ និងធ្វើការរយៈពេល៧ថ្ងៃក្នុងមួយសប្តាហ៍ និងមានផ្តល់សេវាដូចជាស្នើសុំប្ដូរ និងពន្យារបណ្ណបើកបរ ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត ស្នើសុំលតាបត្រទោចក្រយានយន្ត និងដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត។
អាសយដ្ឋាន៖ ស្ថិតនៅជាន់ទី១ នៃផ្សារទំនើប https://maps.app.goo.gl/7VQ6j7Syj5Q7D86JA
៥៖ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ឌឹ ហេរីថេក វ៉ក (The Heritage Walk) ខេត្តសៀមរាប៖ មណ្ឌលផ្តល់សេវានេះមានផ្ដល់សេវាដូចជា ស្នើសុំប្តូរ និងពន្យាបណ្ណបើកបរ ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត និងដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ដោយបើកដំណើរការជារៀងរាល់ថ្ងៃចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៨យប់។
អាសយដ្ឋាន៖ ស្ថិតនៅជាន់ទី២ នៃផ្សារទំនើប https://goo.gl/maps/EEw7ohF3MUUqTFGbA
៦៖ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ (FURI Times Square Mall) ខេត្តព្រះសីហនុ៖ មណ្ឌលផ្តល់សេវានេះមានផ្ដល់សេវាដូចជាស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត និងដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)។ មណ្ឌលនេះបើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦ល្ងាច។
អាសយដ្ឋាន៖ ខាងត្បូងវិមានឯករាជ្យ វិថីឯករាជ្យ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ https://goo.gl/maps/5BGp7gsp6AMCmfQB7
៧៖ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបជីបម៉ុងណូរ៉ូម៉ល (Chip Mong Noro Mall) ៖ មណ្ឌលផ្តល់សេវានេះមានផ្ដល់សេវាដូចជាស្នើសុំប្តូរ និងពន្យារបណ្ណបើកបរ ចុះបញ្ជី និងផ្ទេរកម្មសិទ្ធិយានយន្ត ដាក់ពាក្យសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)។ អាសយដ្ឋាន៖ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ https://goo.gl/maps/7yJLTqx7cyzMj2cj6
សុំបញ្ជាក់ថាសព្វថ្ងៃនេះមណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើបជីបម៉ុងណូរ៉ូម៉លមានការផ្អាកដំណើរការជាបណ្ដុះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ HOTLINE ១២៧៥ ឬទំព័រហ្វេសប៊ុកផ្លូវការក្រសួងសាធារណការ និងដឹកជញ្ជូន៕