(ភ្នំពេញ)៖ លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកស្រី CHOI Moon Jung នាយិកាការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា និងលោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើកឱ្យដំណើរការ អគារមហាវិទ្យាល័យ​វិស្វកម្មបរិស្ថាន នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលទើបមានតែមួយគត់ក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា អគារមហាវិទ្យាល័យវិស្វកម្មបរិស្ថាន នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះមានអគារកម្ពស់ ៦ជាន់ ទំហំ ១៥៣០ម៉ែត្រការ៉េ បានបំពាក់ឧបករណ៍មន្ទីរពិសោធន៍មូលដ្ឋាន និងទំនើប ព្រមទាំងថ្នាក់រៀនឆ្លាតវៃផងដែរ។

ថ្លែងនាឱកាសនោះលោក ជេត ជាលី បានឱ្យដឹងថា លោកពិតជាមានមោទនភាពដែលមានមហាវិទ្យាល័យវិស្វកម្មបរិស្ថានដំបូងគេ និងតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលមានវត្តមាននៅសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។ នៅក្នុងប្រទេសកម្ពុជាមានសាកលវិទ្យាល័យជាច្រើនដែលមានមហាល័យវិទ្យាសាស្ត្របរិស្ថាន ប៉ុន្តែសម្រាប់វិស្វកម្មបរិស្ថាននេះគឺជាលើកដំបូង។ វិស្វកម្មគឺជាស្នូលនៃជំនាញនៃសតវត្សទី២១ ជំនាញនេះគឺជាការប្រើចំណេះដឹងវិទ្យាសាស្ត្រធម្មជាតិដើម្បីបង្កើតដំណោះស្រាយ។ បរិស្ថានជាផ្នែកមួយដែលយើងត្រូវការដំណោះស្រាយខ្លាំងបំផុត ខណៈដែលយើងកំពុងជួបប្រទះនឹងវិបត្តិ​បម្រែបម្រួលអាកាសធាតុ។

និស្សិតដែលសិក្សានៅមហាវិទ្យាល័យវិស្វកម្មបរិស្ថាន នឹងរៀនពីដំណោះស្រាយបញ្ហាប្រឈម ការវិភាគ និងគ្រប់គ្រងលើវិបត្តិខ្យល់ អាកាសធាតុ ទឹក ដី ប្រព័ន្ធអេកូឡូស៊ី ថាមពល និងធនធានធម្មជាតិ ការអនុវត្តផ្ទាល់​ក្នុងកំឡុងពេលសិក្សាគឺសំខាន់ ដូចនេះទើបក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបោះទុនប្រមាណ ១,៣០០,០០០ដុល្លារអាមេរិក លើការបំពាក់សម្ភារៈបរិក្ខា នៃថវិការជំនួយសរុបចំនួន ៦,៩០០,០០០ដុល្លារអាមេរិករបស់គម្រោងនេះ។

លោកស្រី CHOI Moon Jung បានពន្យល់ពីសាវតានៃកិច្ចសហប្រតិបត្តិការរបស់ កយកា លើការបណ្តុះបណ្តាលយុវជនថា យើងជឿថារាល់ដំណោះស្រាយគឺមនុស្សជាអ្នកបង្កើត និងជឿថា ទេពកោសល្យរបស់កម្ពុជា ​នឹងក្លាយជាអ្នកដឹកនាំនាពេលអនាគត និងជាអ្នកគិតគូរក្នុងការដោះស្រាយបញ្ហាប្រឈមបរិស្ថានក្នុងសហគមន៍ និងពិភពលោកទាំងមូល។

ដោយអនុវត្តតាមគំនិតផ្តួចផ្តើមសាមគ្គីភាពកូរ៉េ-អាស៊ាន ដែលបានប្រកាសដោយប្រធានាធិបតីកូរ៉េខាងត្បូង ខណៈពេលដែលលោកមកបំពេញទស្សនកិច្ចនៅភ្នំពេញក្នុងខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋាភិបាលកូរ៉េ បានកំពុងគាំទ្រ​ដល់យុវជនជំនាន់ក្រោយនៃបណ្តាប្រទេសអាស៊ានរួមទាំងកម្ពុជា ដោយចាត់ទុកពួកគេជាតួអង្គសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការនិងវិបុលភាពនាពេលអនាគត។ ក្នុងពិធីសម្ពោធនេះ KOICA បានប្រគល់សៀវភៅសិក្សាចំនួន ២០០ក្បាល និងអាហារូបករណ៍ដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលនេះគឺជាការផ្តល់ជាលើកទីពីរ ហើយតាមរយៈគម្រោងនេះ​បានជួយកសាងសមត្ថភាព​មហាវិទ្យាល័យផងដែរ។

នាឱកាសនោះដែរលោកបណ្ឌិត សាន វឌ្ឍនា បានឱ្យដឹងដែរថា សាស្ត្រាចារ្យគឺជាអ្នកសាបព្រួសចំណេះដឹង សាស្ត្រាចារ្យដែលមានសមត្ថភាពខ្ពស់នឹងផ្តល់ចំណេះដឹងប្រកបដោយគុណភាពដល់សិស្សកាន់តែច្រើន។ លោកក៏បានថ្លែងអរគុណដល់ KOICA ដែលមិនត្រឹមតែគាំទ្រសម្ភារៈបរិក្ខារប៉ុណ្ណោះទេ ប៉ុន្តែវាជាកត្តាសំខាន់ក្នុងការជំរុញការអប់រំប្រកបដោយនិរន្តរភាពផងដែរ។

បន្ទាប់ពីមហាវិទ្យាល័យនេះបើកវគ្គសិក្សាថ្នាក់បរិញ្ញាបត្រនៅខែធ្នូ ឆ្នាំ២០២២ សាស្ត្រាចារ្យជនជាតិខ្មែរចំនួន ១១នាក់ និងកូរ៉េ ២នាក់កំពុងបង្រៀននៅទីនេះ។ ក្នុងនោះមានសាស្ត្រចារ្យចំនួន ៧នាក់ បានសិក្សា និងកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅសាកលវិទ្យាក្វាងជូ នៅប្រទេសកូរ៉េ។ ចាប់ពីឆ្នាំ២០២៦ មហាវិទ្យាល័យវិស្វកម្មបរិស្ថាននឹងដំណើរការវគ្គសិក្សាថ្នាក់អនុបណ្ឌិតផងដែរ៕