(ភ្នំពេញ)៖ លោក Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងថា លោកជឿជាក់ថាធម្មនុញ្ញសន្តិភាពសកល ដែលប្រសូតឡើងក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម័យប្រជុំលើកទី១១ IPTP នឹងត្រូវបានគាំទ្រដោយអង្គការសហប្រជាជាតិ។

ការថ្លែងបែបនេះរបស់ប្រធានក្រុមប្រឹក្សាសកល បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក Aljarwan បានឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថា លោកបានចំណាយពេលជិត៤០ឆ្នាំនៅក្នុងកិច្ចការងារនេះ ហើយលោកបានរកឃើញថា បញ្ហា ឬជម្លោះ ឬសង្គ្រាមដែលត្រូវដាក់នៅលើតុ ហើយធ្វើការដោះស្រាយជាមួយមិត្តរបស់យើង។

លោក បានបន្តថា អ្វីដែលសំខាន់តាមរយៈបទពិសោធន៍នៅប្រទេសអារ៉ាប់រួម កាលពីឆ្នាំ១៩៧១ មួយថ្ងៃមុននឹងរំដោះប្រទេសបាន គឺប្រទេសបានមានបញ្ហាជាមួយអ៉ីរ៉ង់ ដូច្នេះនៅក្នុងប្រទេសយើងមានអំពើហិង្សាដែលកើតមានឡើង ហើយសង្គ្រាមបានរីកសាយភាយឡើងដូចគ្នា នេះគឺជាបញ្ហាប្រឈមខ្លាំងដែលត្រូវដោះស្រាយ។

តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន, លោក Aljarwan បានយល់ឃើញថា ធម្មនុញ្ញសន្តិភាពសកល ដែលប្រសូត្រនៅកម្ពុជានាពេលនេះ ជាដំណោះស្រាយដ៏មានសារៈសំខាន់ណាស់ដើម្បីប្រជាជាតិ ហើយបញ្ហាថ្ងៃនេះថ្ងៃស្អែក ក៏អាចនឹងលុបបំបាត់ចោល និងបញ្ហាប្រឈមផ្សេងៗទៀត។ លោកបានបន្តថា ការលើកកម្ពស់ធម្មនុញ្ញសន្តិភាពសកលនេះ ពិតជាសំខាន់បំផុត នៃសមាជិកសភា និងគាំទ្រដល់ការផ្ដួចផ្ដើមដែលមានសំឡេងមកពីជាង១០០ប្រទេស ហើយលោកគិតថា នេះជាមធ្យោបាយនៃការគិតគូរ ដោយអាចធ្វើការផ្សព្វផ្សាយវប្បធម៌សន្តិភាពទៅលើពិភពលោក ហើយក៏ជាស្ពានរវាងប្រទេសនិងប្រទេស ហើយយើងក៏អាចសិក្សាបន្ថែមដើម្បីសន្តិភាព។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា «ជាការពិតណាស់ យើងត្រូវគិតថាតើយើងត្រូវផ្សព្វផ្សាយធម្មនុញ្ញនេះយ៉ាងដូចម្ដេច? យើងត្រូវអនុវត្តវាយ៉ាងដូចម្ដេច? ហើយខ្ញុំជឿជាក់ថា នឹងទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិ និងមហាសន្និបាតអង្គការសហប្រជាជាតិ ដែលមានជាង១៥០ប្រទេសបានគាំទ្រនូវធម្មនុញ្ញនេះ...»