(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដែលត្រូវបាន សភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព (IPTP) នៃក្រុមប្រឹក្សាសកលដើម្បីការអត់ឱន និងសន្តិភាព (GCTP) ប្រគល់ «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី» នាឱកាសដ៏មហានក្ខត្តឫក្ស នៃសម័យប្រជុំពេញអង្គលើកទី១១ របស់ IPTP ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ក្នុងសារលិខិតអបអរសាទរ បានសរសេរថា «ខ្ញុំ និងភរិយា សូមសម្តែងនូវការអបអរសាទរ ប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ដ៏វិសេសវិសាល និងប្រកបដោយមហាកិត្តិយសឧត្តុង្គឧត្តមបំផុតដែល សម្តេចតេជោ ត្រូវបានក្រុមប្រឹក្សា សកលដើម្បីមនុស្សជាតិ និងភាពអត់ឱន (GCTP) ផ្តល់នូវ «ពានរង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី» (ក្នុងឱកាសនៃសម័យប្រជុំពេញអង្គ អន្តរសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) លើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ) កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
នេះជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ សម្តេចអគ្គមហាសេនាបតីតេជោ និងក៏ជាមោទកភាព ជាតិខ្មែរទាំងមូល ដែលមានថ្នាក់ដឹកនាំឆ្នើម បានទទួលពានរង្វាន់នេះ។ គំរូវីរភាពរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា គឺជាស្នូលនៃសាមគ្គីភាព ឯកភាពជាតិដ៏រឹងមាំ និងជាអគ្គមគ្គុទេសដ៏ឆ្នើមនៃប្រជាជនកម្ពុជា។
សម្តេចតេជោ បានដឹកនាំប្រទេសជាតិឆ្លងកាត់ការលំបាកនានា ប្រកបដោយគតិបណ្ឌិតឈ្លាសវៃ និងអង់អាច ក្លាហានសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ តាមរយៈនយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យប្រទេស មានសុខសន្តិភាព និងវិបុលភាពយូរអង្វែង ព្រមទាំងមានកិត្តិសព្ទល្បីរន្ទឺ ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេស នានា ក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ ខ្ញុំ និងភរិយា សូមប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រម ទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច និរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ»៕