(កោះកុង)៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងលោកស្រី ឈឺ វ៉ា អភិបាលរងខេត្តកោះកុង នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះពិនិត្យជំងឺ និងចាក់ថ្នាំវ៉ាក់សាំង ការពារជំងឺឆ្លងកញ្ជ្រឹល ស្អូច ជំងឺសួត ជំងឺរលាកខួរក្បាល -ល- ដល់កុមារចាប់អាយុ៩ខែ ដល់អាយុ៥ឆ្នាំ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោកស្រី ឈឺ វ៉ា បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ លើសុខភាពប្រជាពលរដ្ឋ ហេតុដូច្នេះ បានដាក់ឱសាវ៉ាទ ឲ្យក្រុមគ្រូពេទ្យ ចុះពិនិត្យជំងឺ និងធ្វើការផ្សព្វផ្សាយ បញ្ហាជំងឺឆ្លង ការថែទាំសុខភាព និងការថែរក្សាបរិស្ថាន ជុំវិញលំនៅដ្ឋានឲ្យញឹកញាប់ ក្នុងមូលដ្ឋាន ដើម្បីបង្កាកុំឲ្យមានការឆ្លងជំងឺផ្សេងៗទៀត។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល បានលើកឡើងថា ការចាក់ថ្នាំវ៉ាក់សាំង ការពារជំងឺឆ្លងកញ្ជ្រិល និងជំងឺស្អូចនេះ ចាប់ផ្តើមពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។
លោកវេជ្ជបណ្ឌិត បានបន្តថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកញ្ជ្រឹល ស្អូច គឺការបើកយុទ្ធនាការនៅទូទាំងប្រទេស ដោយមានការចូលរួមសហការ ពីថ្នាក់ជាតិ អង្គការសុខភាពពិភពលោក និងអាជ្ញាធរមូលដ្ឋាន។
លោកបានបញ្ជាក់ថា ក្នុងខេត្តកោះកុងជំងឺកញ្ជ្រឹល ស្អូច ជាជំងឺឆ្លងទៅលើកុមារ ក្នុងខេត្តកោះកុង ហើយជំងឺឆ្លងប្រភេទនេះ ក្នុងខេត្តកោះកុង មានតែ១ករណី ស្ថិតនៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង តែមិនបណ្តាលគ្រោះថ្នាក់ ដល់អាយុជីវិតឡើយ។
លោកក៏សូមឲ្យអាណាព្យាបាលមាតា-បិតា អញ្ជើញយកកូន-ចៅ ចាក់ថ្នាំវ៉ាក់សាំង ការពារជំងឺឆ្លងកញ្ជ្រឹល ស្អូច -ល- លើកុមារឲ្យបានគ្រប់ៗគ្នា៕