(ភ្នំពេញ)៖ សៀវភៅឯកសារស្តីពី «ប្រយោជន៍សម្រាប់ទាំងអស់គ្នា៖ ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ នៅក្នុងប្រទេសកម្ពុជា» ត្រូវបានដាក់សម្ភោធជាផ្លូវការ ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។

នាឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពី អ្នកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិអង្គការរ៉ាក់ លោកវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា ព្រមទាំង ថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ ដែលអញ្ជើញពីក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក តំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ខេត្តកំពត និងខេត្តសៀមរាប តំណាងសាលាគរុកោសល្យខេត្តកំពត តំណាងម្ចាស់ជំនួយ RFSU តំណាងអង្គការដៃគូជាតិ និងអន្តរជាតិ នាយកសាលា គ្រូបង្រៀន និងសិស្សានុសិស្ស ដែលមានចំនួនសរុប ៩៤រូប។

ក្នុងពិធីនេះដែរ អ្នកស្រីបណ្ឌិត សាផន សុមោលីរស្មី នាយិការងប្រតិបត្តិអង្គការរ៉ាក់ បានលើកអំពីសាវតានៃការងាររបស់អង្គកការរ៉ាក់ដែលមានរយៈកាលជិត ៣០ឆ្នាំមកហើយ ក្នុងការចូលរួម លើកកម្ពស់សុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ ជាពិសេសគឺក្នុងចំណោម ក្រុមជនងាយរងគ្រោះ ដែលមានយុវជន ស្ត្រី កុមារី អ្នកមាននិន្នាការភេទចម្រុះ និងក្រុមចំណុចជាច្រើនទៀត។

ការចងក្រងសៀវភៅ «ប្រយោជន៍សម្រាប់ទាំងអស់គ្នា៖ ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ នៅក្នុងប្រទេសកម្ពុជា» គឺជាសក្ខីភាពនៃកិច្ចប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដែលយើង បានចងក្រងទុកជាអនុស្សាវរីយ៍នៃកិច្ចប្រឹងប្រែងរួមពី សំណាក់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូរ អភិវឌ្ឍន៍អន្តរជាតិ ក៏ដូចជាសម្រាប់ចែករំលែកបទពិសោធន៍ទៅប្រទេសនានា ដែលចង់បានការអប់រំសុខភាពផ្លូវភេទគ្រប់ជ្រុងជ្រោយ។

ឱកាសនេះដែរ លោកស្រី គឹម សេដ្ឋានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការរ៉ាក់ដែលបានសហការរៀបចំព្រឹត្តការណ៍នេះឡើង ដើម្បីរំលេចឱ្យឃើញនូវសមិទ្ធផល ដែលកើតចេញពីកិច្ចសហការដ៏ល្អរវាងស្ថាប័នរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្សនៅកម្ពុជា តាមរយៈការពង្រឹងនូវវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទាពាក់ព័ន្ធនឹងសិទ្ធិ សុខភាពផ្លូវភេទ សុខភាពបន្តពូជដល់យុវវ័យនៅតាមគ្រឹះស្ថានសិក្សា។

លោកស្រី គឹម សេដ្ឋានី បានបន្ដថា ព្រឹត្តិការណ៍ថ្ងៃនេះ ជាវឌ្ឍនភាពថ្មីមួយទៀត បន្ថែមលើសមិទ្ធផលនានា ដែលអង្គការរ៉ាក់ បានផ្ដល់នាពេលកន្លងមក រួមទាំងផ្នែកបច្ចេកទេស សម្ភារៈបរិក្ខារ និងថវិកាក្នុងការគាំទ្រសកម្មភាពនានារបស់ក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការអប់រំបង្ការមេរោគអេដស៍ ជំងឺអេដស៍ ចាប់តាំងពីឆ្នាំ១៩៩៥មក ហើយជាអង្គការដៃគូសំខាន់មួយ ស្ថិតក្នុងចំណោមអង្គការដៃគូដទៃទៀត ដែលបានគាំទ្រការដាក់បញ្ចូល «ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ» ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅនៅព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលទាំងនេះ ជាសក្ខីកម្មពីការចូលរួមរបស់ដៃគូក្នុងការលើកកម្ពស់សុខភាពសិក្សានៅកម្ពុជា។

ជាការពិតណាស់ «ការលើកកម្ពស់សុខភាពសិក្សា» គឺជាកត្តាដ៏សំខាន់មួយដែលរួមចំណែកក្នុងការធានាបាននូវការសិក្សាប្រកបដោយគុណភាព និងបង្កើនអត្រាបញ្ចប់ការសិក្សា ដើម្បីសម្រេចនូវគោលដៅនៃការអប់រំ។ ក្នុងន័យនេះហើយ បានជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកកម្ពស់សុខភាពសិក្សា ដោយបានដាក់ចេញជាសំណុំយុទ្ធសាស្រ្ត និងសកម្មភាពអន្តរកម្មរវាងគ្រឹះស្ថានសិក្សា និងសេវាកម្មសុខភាពនានា ដើម្បីលើកកម្ពស់សុខភាព តាមរយៈការអប់រំសុខភាព និងការផ្ដល់សេវាសុខភាពចាំបាច់ដល់អ្នកសិក្សា និងបុគ្គលិកអប់រំជាដំណាក់កាលទៅតាមការវិវត្តនៃសង្គមនិងសេដ្ឋកិច្ច។

ជាថ្មីម្ដងទៀត អ្នកស្រី គឹម សេដ្ឋានី បានបញ្ជាក់ថា សមិទ្ធិផលទាំងនេះ ជាកត្ដាជំរុញទឹកចិត្តយើងបន្ថែមទៀត ដើម្បីឆ្ពោះទៅសម្រេចការប្តេជ្ញាចិត្តរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្រៀនសិស្ស លើមុខវិជ្ជាអប់រំសុខភាពដល់អ្នកសិក្សាឱ្យបានយ៉ាងហោច ៣លាន ៥សែននាក់ និងបណ្តុះបណ្តាលគ្រូបង្រៀនយ៉ាងហោច ៨ម៉ឺននាក់ នៅត្រឹមឆ្នាំ២០៣០ខាងមុខ។ លោកស្រី ក៏សូមលើកទឹកចិត្តនិងអំពាវនាវដល់ដៃគូអភិវឌ្ឍន៍នានា ដែលមានដូចជាអង្គការរ៉ាក់ និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ជាដើម គ្រឹះស្ថានសិក្សា និងស្ថាប័នពាក់ព័ន្ធ បន្តការយកចិត្តទុកដាក់វិនិយោគ បន្ថែមទៀត ក្នុងការអនុវត្តមុខវិជ្ជាអប់រំសុខភាព ក៏ដូចជាការចូលរួមលើកកម្ពស់ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយឱ្យកាន់តែល្អប្រសើរនៅកម្ពុជា៕