(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា​ អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានដឹកនាំបើកវគ្គតម្រង់ទិសជូនសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មីអាណត្តិទី៤​ ឆ្នាំ២០២៤។ ពិធីនេះមានការអញ្ជេីញចូលរួមពី​លោក លោកស្រី ជាគ្រូឧទ្ទេសសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ, លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង ស្រុកទាំង៨ ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤ ក្នុងខេត្តស្វាយរៀង។

លោក ម៉ែន អេង បានថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត សូមសម្ដែងយ៉ាងកក់ក្តៅចំពោះវត្តមានចូលរួមរបស់អស់ លោក លោកស្រីទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ និងសូមសម្ដែងនូវការកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងរបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងបានការសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង។

វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងដើម្បីចូលរួមចំណែកគាំទ្រ ដល់កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងការគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាដែលមានអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

លោកបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដែលក្នុងនោះមានបាវចនាចំនួន៥ គឺកំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព ហើយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ រំលេចចេញនូវបញ្ចកោណចំនួន៥ ដែលផ្ដោតសំខាន់ជាអាទិភាពលើ ទី១៖ការអភិវឌ្ឍន៍មូលធនមនុស្ស, ទី២៖ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង, ទី៣៖ការអភិវឌ្ឍន៍វិស័យឯកជន និងការងារ, ទី៤៖ការអភិវឌ្ឍន៍ប្រកបដោយភាពធន់ ចីរភាពនិងបរិយាបន្ន និងទី៥៖ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល៕