(ឧត្តរមានជ័យ)៖ រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ជាង២០០នាក់ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានធ្វើដំណើរប្រកបដោយទឹកមុខរំភើប និងសប្បាយរីករាយតាមរថយន្តចំនួន១៣គ្រឿង ចេញពីស្រុកបន្ទាយអំពិល ឆ្ពោះទៅកាន់តំបន់ក្រវាត់ព្រំដែននៅប៉ែកឦសាន នៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគីរី និងខេត្តរតគិរី។

នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ ទិសឦសានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋ និងមន្ត្រីរាជការជាង២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅរង្វង់មូលទន្សោង ជានិមិត្តសញ្ញាតំណាងខេត្តមណ្ឌលគីរី ទំនប់អូរតេធិបតី ទឹកធ្លាក់លែងអង និងលែងយិន និងមើលបង្គោលព្រំប្រទល់ប្រទេសកម្ពុជា និងវៀតណាម ស្ថិតក្នុងស្រុកកែវសីមា ដើម្បីស្វែងយល់ពីការពិតជាក់ស្តែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។

លើសពីនេះទៀត ប្រជាពលរដ្ឋបានមើលឃើញដោយផ្ទាល់នូវស្ថានភាពពិត នៃជីវភាពរស់នៅល្អប្រសើររបស់ប្រជាជន ក្នុងសហគមន៍មូលដ្ឋាន ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែល មានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងមានការវិវត្តឈានឡើងជាបន្តបន្ទាប់។

ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍ពីលោក ហ៊ាញ ប៊ុណ្ណា អភិបាលរងខេត្តមណ្ឌលគីរី និងលោក វិន សុភា នាយកទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្តមណ្ឌលគីរី ជាមួយការធ្វើបទបង្ហាញពីស្ថានភាពភូមិសាស្ត្រ និងប្រជាសាស្រ្តខេត្តមណ្ឌលគិរី, អំពីការបោះបង្គោល និងកំណត់ខណ្ឌសីមាព្រំដែន, អំពីហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍, អំពីក្រុមហ៊ុន សហគ្រាស អាជីវកម្ម និងសេវាកម្មក្នុងខេត្តមណ្ឌលគិរី, អំពីសមិទ្ធផលក្នុងវិស័យសុខាភិបាល, អំពីសមិទ្ធផលក្នុងវិស័យអប់រំ, អំពីសមិទ្ធផលក្នុងវិស័យកសិកម្ម, អំពីសមិទ្ធផលក្នុងវិស័យធនធានរ៉ែ និងថាមពល, អំពីសមិទ្ធផលក្នុងវិស័យទេសចរណ៍, អំពីសមិទ្ធផលក្នុងវិស័យធនធានទឹក និងឧតុនិយម និងអំពីសមិទ្ធផលក្នុងវិស័យការងារ និងបណ្តុះបណ្តាលជំនាញវីជ្ជាជីវៈ ជូនក្រុមការងារទស្សនកិច្ចបានយល់ និងដឹងឲ្យកាន់តែច្បាស់ពីខេត្តមណ្ឌលគីរី។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សាតំបន់ជាប់ព្រំប្រទល់ប្រទេសវៀតណាម ខេត្តមណ្ឌលគីរី និងខេត្តរតនគីរី ដឹកនាំដោយលោក នៅ សំតារារិទ្ធ អភិបាលស្រុកបន្ទាយអំពិល ដោយមានការចង្អុលបង្ហាញ និងណែនាំពីនាយឧត្ដមសេនីយ៍ គឹម ប៊ុនថាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្ដរមានជ័យ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយអំពិល និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដែលបានផ្តល់រថយន្តរបស់រដ្ឋបាលខេត្ត ចំនួន៩គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋបានធ្វើដំណើរទស្សនកិច្ចសិក្សា នៅតាមតំបន់ព្រំប្រទល់ប្រទេសវៀតណាម។

ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍ដ៏សំខាន់បន្ថែមទៀត ដើម្បីបញ្ជាក់ពីភាពប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបន្តការពារសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ខណៈបន្តលើកកម្ពស់ផ្នែកសង្គម-សេដ្ឋកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ក្រវាត់ព្រំដែន និងការអភិវឌ្ឍផ្នែកជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ឲ្យកាន់មានភាពរីកចម្រើនឡើងថែមទៀត។

ដំណើរទស្សនកិច្ចនេះ ក៏បានបង្កើតនូវរូបភាពវិជ្ជមានមួយបន្ថែមទៀត សម្រាប់ជាតិកម្ពុជាទាំងមូល និងបានបង្ហាញដល់សកលលោកឲ្យបានដឹងថា កម្ពុជាមានសាមគ្គីភាពរឹងមាំជាធ្លុងមួយ ក្នុងភាពជាម្ចាស់ប្រទេស ដោយមិនអនុញ្ញាតឲ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រសោះឡើយ។ ក្នុងន័យនេះដែរ ប្រជាជនកម្ពុជា នឹងបន្តរួមកម្លាំងសាមគ្គីគ្នា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពការពារ និងអភិវឌ្ឍនានា ព្រមទាំងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ និងបំផ្លាញចោលរាល់ការបំភ្លៃការពិតពីសំណាក់ក្រុមជ្រុលនិយមក្រៅច្បាប់មួយក្តាប់តូច ហើយទទួលបានមកវិញនូវការបន្តរួមចំណែក ក្នុងការថែរក្សាការពារស្ថិរភាពក្នុងសង្គមដើម្បីកំណើនសេដ្ឋកិច្ច៕