(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហម​កម្ពុជា តាមរយៈលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានឧបត្ថម្ភ​ថវិកាចំនួន ១០លានរៀន ដើម្បីរៀបចំកម្មវិធីប្រឡងចម្រៀងជនមានពិការភាព​ឆ្នាំ២០២៤ ពានរង្វាន់លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន។

ក្នុងឱកាសនាំយកថវិកាប្រគល់ជូនដល់គណៈកម្មការរៀបចំការប្រឡងចម្រៀងនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំ​ប្រសាសន៍​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបានលើកទឹកចិត្តដល់បងប្អូនជនមានពិការភាព និងប្រជាពលរដ្ឋទាំងអស់​ឱ្យយល់​ច្បាស់ពីតម្លៃនៃសន្តិភាព និងសូមលើកទឹកចិត្តដល់បងប្អូនមានពិការ​ភាព​ថា បងប្អូនមិននៅឯកោទេ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា​ក៏ដូចជា​ក្រោម​ការដឹកនាំដ៏ឆ្លាតវៃ ប៉ិនប្រសប់ប្រកបដោយថាមពលរបស់សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧​នៃរដ្ឋ​សភា មានចក្ខុវិស័យច្បាស់លាស់សម្រាប់ជួយដល់ជនមានពិការភាព ជនរងគ្រោះ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យនានា ឱ្យទទួលបានគុណភាពជីវិត​កាន់តែប្រសើរ និងអាចចូលរួមយ៉ាងសកម្មដោយស្មើភាពគ្នាក្នុងសង្គម មានការ​គោរព​សិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការធ្វើបរិយាបន្នពិការភាពក្នុងលើគ្រប់​វិស័យ​ដូចជាការចូលរួមរបស់ជនមានពិការភាពក្នុងវិស័យសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា កីឡា ការសម្រាកលំហែ និង​សកម្ម​ភាព​ផ្សេងៗទៀត។

លោកស្រីអគ្គលេខាធិការរងទី១ បានបញ្ជាក់ថា «ជនមានពិការភាព គឺជាតួអង្គមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍គ្រួសារ និងសហគមន៍»

សូមបញ្ជាក់ថា កម្មវិធីប្រឡងចម្រៀងជនមានពិការភាពនេះ ធ្វើឡើងក្នុងគោល​បំណង ដើម្បីចូលរួមអបអរសាទរទិវាជនមានពិការភាពនៅកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់​វិស័យ​ក្នុងយុគសម័យបរិវត្តកម្មឌីជីថល» ក្នុងការជំរុញគាំទ្រសមត្ថភាព និងទេព​កោ​សល្យ​លើ​ផ្នែកសិល្បៈជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា ជូនដល់​សាធារ​ណ​ជន​ឱ្យបានកាន់តែទទួលស្គាល់ពីសមត្ថភាព របស់បងប្អូនជនមានពិការភាព។

កម្មវិធីប្រឡងចម្រៀងនេះ មានការចូលរួមប្រកួតប្រជែងពីសំណាក់បងប្អូនជន​មាន​ពិការភាពប្រមាណ ១៥០នាក់ ទៅ២០០នាក់ ទូទាំង២៥ រាជធានីខេត្ត។ ក្រោយពី​ទទួលបានជ័យលាភី ចំពោះចំណាត់ថ្នាក់លេខ១ ដល់លេខ៣ (ប្រុស ៣នាក់ ស្រី ៣នាក់) ពួកគាត់អាចបង្ហាញសមត្ថភាព នៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍​រដ្ឋ​-ឯក​ជន និងនៅតាមផលិតកម្មមួយចំនួន ដោយឡែកជនមានពិការភាព ដែលមិន​ទទួលបានចំណាត់ថ្នាក់ជ័យលាភី ១០រូបទៀត ពួកគាត់អាចមានលទ្ធភាពចូល​បម្រើការងារតាមបណ្តាហាង ភោជនីយដ្ឋាន និងរង្គសាលនានា។

វគ្គផ្តាច់ព្រ័ត្រកម្មវិធីប្រឡងចម្រៀងនេះប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ វេលាម៉ោង ១៥៖០០នាទីរសៀល។

ការចូលរួមរបស់កាកបាទក្រហមកម្ពុជា ជាពិសេសអ្នកម្តាយមនុស្សធម៌ សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូរពីសុខទុក្ខ ការលំបាករបស់ប្រជាជន ជនមានពិការភាព ជនរងគ្រោះ និងងាយរងគ្រោះ ក្នុងកម្មវិធីប្រឡងចម្រៀងជន​មាន​ពិការភាពឆ្នាំ២០២៤នេះ គឺជាកាយវិការដ៏ថ្លៃថ្លាបំផុត និងបង្ហាញពីការចូល​រួម​ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពជនពិការ និងឆន្ទៈដ៏ឧត្តុងឧត្តមក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់​សិទ្ធិជន​ពិការភាព។

តាមរយៈព្រឹត្តិការណ៍ប្រឡងចម្រៀងនេះ នឹងធ្វើឱ្យសង្គមកម្ពុជាទាំងមូល​កាន់តែ​យក​ចិត្តទុកដាក់ចំពោះជនមានពិការភាពថែមមួយកម្រិតទៀត និងធ្វើឱ្យជនមាន​ពិការភាព អាចទទួលបានឱកាសកាន់តែច្រើនក្នុងការកែប្រែជីវិត​ឱ្យកាន់តែ​ប្រសើរ​ឡើង៕