(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធនាការរៃអង្គាសថវិកា «រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ» ដើម្បីបន្តអភិវឌ្ឍមជ្ឈមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច ក្រោមវត្តមានរបស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ, លោកវេជ្ជបណ្ឌិត ឡេង ណារ៉ា វេជ្ជបណ្ឌិតវះកាត់នៃមន្ទីរពេទ្យកុមារអង្គរ និងជាប្រធានគម្រោងមជ្ឈមណ្ឌលជំងឺធ្ងន់ និងរបួសប៉ះទង្គិច និងអ្នកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យ រៃអង្គាសមូលនិធិក្នុងប្រទេសកម្ពុជា នៃមន្ទីរពេទ្យកុមារអង្គរ និងលោកគ្រូ អ្នកគ្រូពេទ្យចូលរួមផងដែរ។
ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា បានលើកឡើងថា មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពសុខភាពមិនស្វែងរកប្រាក់ចំណេញ ដែលផ្តល់សេវាសុខភាពកុមារ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។ ដែលបង្កើតឡើងដោយ ជនជាតិជប៉ុនដែលជាជាងថតរូប នៅក្នុងឆ្នាំ១៩៩៩ ហើយបច្ចុប្បន្ននេះមានរយៈពេល២៥ឆ្នាំហើយ ដែលបានផ្តលការពិនិត្យ ព្យាបាល ថែទាំកុមារប្រកបដោយគុណភាពខ្ពស់។
លោកសាស្ត្រាចារ្យបន្តថា ក្នុងរយៈពេលឆ្នាំចុងក្រោយមកនេះ មន្ទីរពេទ្យកុមារអង្គរក៏បានពង្រីកវិសាលភាពរបស់ខ្លួន ដោយផ្តោតទៅលើឯកទេសព្យាបាលកុមារជាច្រើនប្រកបដោយគុណភាពខ្ពស់ ក្នុងចំណោមឯកទេសព្យាបាល ថែទាំ និងវះកាត់ កាន់តែមានភាពសកម្ម ហើយត្រូវបានទទួលស្គាល់ពីអ្នកជំងឺ ក្រុមគ្រួសារអ្នជំងឺ និងសហគមន៍។ ដូច្នេះហើយ ជំរុញឲ្យមន្ទីរពេទ្យកុមារអង្គរ បន្តនិរន្តរភាពបានយូរអង្វែង។
លោកសាស្ត្រាចារ្យបានបន្តថា ក្នុងឆ្នាំ២០២៤ មន្ទីរពេទ្យកុមារអង្គរបានបង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិចដំបូងបង្អស់របស់ខ្លួន។ មជ្ឈមណ្ឌលនេះ គឺជាមជ្ឈមណ្ឌលឯកទេសដែលផ្តល់ការថែទាំ និងវះកាត់យ៉ាងទូលំទូលាយសម្រាប់អ្នកដែលមានជំងឺធ្ងន់ធ្ងរ និងរបួសប៉ះទង្គិចនានា។ មជ្ឈមណ្ឌលផ្តល់ជូននូវសេវាជាច្រើន ដូចជា៖ ការសង្គ្រោះបន្ទាន់ ព្យាបាលជំងឺធ្ងន់ធ្ងរ ការវះកាត់ ការព្យាបាលដោយចលនា អាហារូបត្ថម្ភ និងសេវាសង្គមកិច្ចវេជ្ជសាស្ត្រ។ សម្រាប់មន្ទីរពេទ្យកុមារអង្គរ ផ្តោតសេវាឯកទេសទៅលើកុមារ និងវ័យជំទង់ (១៦ដល់ ១៨ឆ្នាំ) និងមានបំពាក់ដោយឧបករណ៍ទំនើបៗទាំងអស់នេះ មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័សរបស់កុមារ។
មន្ទីរពេទ្យកុមារអង្គរ បានជួយសង្គ្រោះជីវិតកុមាររាប់លាននាក់ និងផ្តល់ការអប់រំសុខភាពដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ សាលារៀន មណ្ឌលសុខភាព និងអប់រំបណ្តុះបណ្តាលវេជ្ជសាស្រ្តដល់មន្ត្រីសុខាភិបាល និស្សិតវេជ្ជសាស្ត្រ គិលានុបដ្ឋាក និងឆ្មប។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា បន្ថែមថា មន្ទីរពេទ្យកុមារអង្គរគឺជាមន្ទីរពេទ្យសម្រាប់កុមារគ្រប់ៗរូប និងជាអនាគតរបស់យើងទាំងអស់គ្នា។ យើងនឹងបន្តរួមចំណែក ដើម្បីអភិវឌ្ឍន៍ សេវាថែទាំសុខភាពដ៏មានសារៈសំខាន់ ជាមួយនឹងឧបករណ៍វេជ្ជសាស្ត្រត្រឹមត្រូវ ដើម្បីឱ្យកុមារគ្រប់រូប អាចទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព។
លោកវេជ្ជបណ្ឌិត ឡេង ណារ៉ា បានលើកឡើងថា «គ្រោះថ្នាក់អាចកើតឡើងចំពោះកុមារគ្រប់ពេលវេលា ប៉ុន្តែមរណៈភាព និងពិការភាពជាច្រើនអាចត្រូវបានចៀសវាងបាន ប្រសិនបើកុមារទទួលបានការថែទាំត្រឹមត្រូវ និងទាន់ពេលវេលា»។ លោកបន្តថា កុមារ ដែលមកទទួលសេវានៅមន្ទីរពេទ្យកុមារអង្គរ ភាគច្រើនគ្មានកន្លែងណាទៀតត្រូវទៅ ហើយយើងក៏មិនអាចទុកពួកគេចោលនោះដែរ ដោយចាត់ទុកកុមារទាំងនោះ ដូចជាកូនៗរបស់យើង។
លោកបន្តថា មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់ និងរបួសប៉ះទង្គិច បានផ្តល់ការថែទាំ និងវះកាត់ដល់កុមារ ដែលមានរបួសប៉ះទង្គិច ឬជំងឺដែលគំរាមកំហែងដល់អាយុជីវិត រួមមាន អ្នកជំងឺដែលមកពីគ្រោះថ្នាក់ ដូចជា៖ ការដួល ធ្លាក់ពីទីខ្ពស់ គ្រោះថ្នាក់ចរាចរណ៍ និងរលាកធ្ងន់ធ្ងរ។ នៅឆ្នាំ២០២៤នេះ យើងរំពឹងថានឹងផ្តល់សេវាព្យាបាល និងវះកាត់ ឱ្យកុមារបានប្រហែល ១,០៦៨នាក់ សង្គ្រោះជីវិតដល់កុមារដែលមានជំងឺធ្ងន់ ចំនួន ១,៤៧៨នាក់ និងសង្គ្រោះបន្ទាន់ដល់កុមារចំនួន ១,៧២២នាក់។
មន្ទីរពេទ្យកុមារអង្គរ សូមអំពាវនាវដល់សប្បុរសជន វិស័យឯកជន អាជីវកម្ម សិល្បៈករ និងប្រជាជនទាំងក្នុងនិងក្រៅប្រទេស ទាំងអស់គ្នានឹងជួយគាំទ្រ ក៏ដូចជាបរិច្ចាគដល់យុទ្ធនាការរៃអង្គាសថវិកា "រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ" និងជួយពួកយើងកសាងអនាគតដ៏ត្រចះត្រចង់ និងមានសុខភាពល្អសម្រាប់កុមារកម្ពុជា។
មន្ទីរពេទ្យកុមារអង្គរមានសេចក្តីរំភើបរីករាយសូមធ្វើការប្រកាសអំពីយុទ្ធនាការរៃអង្គាសថវិកា «រួមគ្នាដើម្បីព្យាបាលកុមាររងរបួសធ្ងន់ធ្ងរ» ដែលនឹងដំណើរការចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។
យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសេវាកម្មរបស់មជ្ឈមណ្ឌលព្យាបាលជំងឺធ្ងន់និងរបួសប៉ះទង្គិច នៅមន្ទីរពេទ្យកុមារអង្គរ និងជាពិសេសជាងនេះ គឺដើម្បីរៃអង្គាសថវិកា ចំនួន១៥០ ០០០ដុល្លារអាមេរិក ដើម្បីដំណើរការមជ្ឈមណ្ឌលទាំងមូលផងដែ៕