(ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ បានធ្វើឱ្យវិស័យអប់រំនៅកម្ពុជាកាន់តែមាន​ការរីកចំរើន និងកំពុងរីកមុខមាត់យ៉ាងខ្លាំងលើឆាគអន្តរជាតិ ជាក់ស្តែងកូនខ្មែរ២៤ រូប បានចេញទៅធ្វើការប្រកួតក្នុងកម្មវិធី The world scholars cup នៅសហរដ្ឋអាមេរិក ក្នុងចំណោមកូនសិស្សមកពីជាង ៦០ប្រទេសចូលរួម សមត្ថភាពរបស់កូនខ្មែរអាចដណ្តើមបានមេដាយចំនួន ៦៧គ្រឿង និងពាន១ សម្រាប់ជាមុខមាត់របស់ប្រទេសកម្ពុជា។

កម្មវិធី The World scholar's cup ដែលបានរៀបចំឡើងក្នុងតំបន់នេះមានការចូលរួមប្រឡងពីសិស្សានុសិស្សក្នុងសាលាផ្សេងៗគ្នា ទាំងសាលារដ្ឋ និងសាលាឯកជន ក្រោមការរៀបចំដោយ Bright Education Consultant and Travel និងបាននាំកូនសិស្សទៅធ្វើការប្រកួតនៅសាកលវិទ្យាល័យ Yale នាទឹកដីសហរដ្ឋអាមេរិក។

កម្មវិធី The World scholar's cup លើកនេះបានធ្វើឡើងក្នុងវគ្គ Tournament of Champion ដែលបានធ្វើការប្រលងលើផ្នែក៖ ការតស៊ូមតិជាក្រុម (Team Debate), ការប្រលងសរសេរ​ភាសាអង់គ្លេស (Collaborative Writing), ការប្រលងផ្នែកចំណេះដឹងទូទៅ (Scholar's Bowl), ការប្រលងផ្នែកប្រកួតប្រជែងភាសាអង់គ្លេស (Scholar's Challenge) ហើយតាមរយៈសមត្ថភាពរបស់កូនខ្មែរ សបញ្ជាក់ឱ្យឃើញថា សិស្សានុសិស្សរបស់កម្ពុជា គឺមានសមត្ថភាពនិយាយភាសាអង់គ្លេសបានល្អ មិនចាញ់បរទេសនោះឡើយ។

ជាក់ស្តែងការទទួលបានជ័យលាភីដ៏ធំធេងនេះ តាមរយៈការដណ្តើមបានមេដាយដ៏ច្រើនលើសលប់ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា កូនខ្មែរក្រោយការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានយកចិត្តទុក​ដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ពិតជាមានសមត្ថភាព​មិនចាញ់សិស្ស​បរទេសនោះឡើយ ហើយបាននឹងកំពុងបោះជំហ៊ានជាបន្តបន្ទាប់នៅលើឆាគអន្តរជាតិ។

លើកឡើងនាឱកាសនាំយកជ័យលាភីពីសហរដ្ឋអាមេរិក មកដល់ប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សិស្សានុសិស្សដែលបានចូលរួមប្រកួតប្រជែង បានលើកឡើងស្រដៀងគ្នា ថា ចំពោះការទៅចូលរួមប្រកួត​ The world scholars cup នៅសហរដ្ឋអាមេរិក ពួកគាត់ពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានចូលរួមប្រកួតប្រជែងជាអន្តរជាតិ និងដណ្តើនបានមេដាយ រួមទាំង ពាន១ ដែលបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កូនខ្មែរពិតជាមានសមត្ថភាព។

ក្រុមសិស្សានុសិស្ស បញ្ជាក់ទៀតថា ជោគជ័យនេះក៏បានបង្ហាញឱ្យអន្តរជាតិ​បានស្គាល់កម្ពុជាកាន់តែច្រើន ជាពិសេសបង្ហាញឱ្យឃើញនៃការកំពុងរីកចម្រើនលើវិស័យអប់រំ និងការខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាល​លើវិស័យនេះផងដែរ ជាក់ស្តែងតាមរយៈនៃការប្រកួតប្រជែងពានរង្វាន់ជើងឯកពិភពលោកនេះ សិស្សានុសិស្សកម្ពុជា ដណ្តើមបានមេដាយយ៉ាងច្រើនលើសលុប និងឈានទៅដណ្តើម បានពានរង្វាន់ផងដែរ។

លោក គង់ សាលីមីន អ្នកសម្របសម្រួល Bright Education Consultant and Travel លើកឡើងថា តាមរយៈនៃការចូលរួមការប្រកួតពានរង្វាន់ជើងឯកពិភពលោកនេះ បានបង្ហាញឱ្យឃើញថា សិស្សកម្ពុជាពិតជាមាន សមត្ថភាពខ្លាំងពូកែគួរកត់សម្គាល់ បើធៀបនិងសិស្សអន្តរជាតិមកពីបណ្តាលប្រទេសផ្សេងៗទៀត ជាក់ស្តែងសិស្សកម្ពុជាដែលបាន ចូលរួមក្រកួតប្រជែងចំនួន ២៤ រូប គឺទទួលបានមេដាយដល់ ៦៧គ្រឿង, មិនតែប៉ុណ្ណោះក៏ទទួលបានពានលើការជជែកដេញដោល ក្រុមកំពូល១ និងអ្នកជជែកដេញដោលបុគ្គលកំពូលចំនួន ៣ ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១, រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នឹងបន្តរក្សាសន្តិភាព ស្ថិរភាព និងទ្រទ្រង់ដំណើរការវិវឌ្ឍន៍តទៅមុខ គឺឈរលើវិថីអភិវឌ្ឍ​ប្រកដោយគុណភាព និងចីរភាព ក្នុងនោះសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ ២០២៤ នេះ រាជរដ្ឋាភិបាលចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ គឺឈក្នុងលំដាប់ទីមួយនៃការចំណាយ លើក្រសួងនិងស្ថាប័នផ្សេងៗ៕