(ភ្នំពេញ)៖ នៅឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី បានដោះស្រាយវិវាទដីធ្លី តាមមធ្យោបាយក្រៅប្រព័ន្ធតុលាការជាង២ពាន់ករណី។ នេះបើតាម លោក វុឌ្ឃី វណ្ណារ៉ា អគ្គនាយករងទទួលបន្ទុកការងាររួម នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត។

ការអះអាងនេះ បានធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និបាត២០២១ នៃទីស្ដីការក្រសួងរៀបចំដែនដី។

លោក វុឌ្ឃី វណ្ណារ៉ា បានឱ្យដឹងថា ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការក៏ជាកិច្ចការមួយដ៏មានសារៈសំខាន់ ដែលក្រសួងកំពុងខិតខំជំរុញការដោះស្រាយ ដោយបានប្រើប្រាស់កម្លាំងសរុប និងវិធានការសរុប សហការជាមួយរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកខណ្ឌ ដោយផ្អែកលើការសម្រុះសម្រួលជាមូលដ្ឋាន និងការអនុវត្តវិធានការច្បាប់ផងដែរ។

លោកបានបន្តថា នៅក្នុងការដោះស្រាយវិវាទដីធ្លីរបស់ក្រសួងបច្ចុប្បន្ន រួមមាន ៣យន្តការ គឺ (១). គណៈកម្មការសុរិយោដីទាំង ៣ថ្នាក់ (ថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ក្រុងស្រុកខណ្ឌ), (២). ការដោះស្រាយវិវាទដីធ្លីដែលក្រសួងទទួលបាន និង (៣). អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី។

នៅឆ្នាំ២០២៤នេះ ក្រសួងទទួលពាក្យបណ្តឹងចំនួន ៩២៧ករណី និងដោះស្រាយបញ្ចប់នីតិវិធីចំនួន ២,១២១ករណី។ លទ្ធផលសរុបចាប់ពីដំណើរការរហូតដល់ខែតុលា ឆ្នាំ២០២៤ ទទួលពាក្យបណ្តឹងចំនួន ១៥,៩៦០ករណី ដោះស្រាយបញ្ចប់នីតិវិធីចំនួន ១៤,៩១៩ករណី ស្មើនឹង ៩៣,៤៧% និងកំពុងបន្តដោះស្រាយចំនួន ១,០៤១ករណី ស្មើនឹង ៦,៥៣%៕