(ភ្នំពេញ)៖ ការចុះបញ្ជីដីតំបន់ទន្លេសាប ប្រព្រឹត្តទៅយ៉ាងសកម្ម ខណៈដីតំបន់២ បានចុះប្រមាណ៨០% នៃដីសរុប និងតំបន់១ បានចុះប្រមាណ៨៨% នៃដីសរុប។ នេះបើតាម លោក ឡោ ដាវុធ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ចំពោះការកំណត់ និងការគ្រប់គ្រងតំបន់ទន្លេសាប, ក្រសួងបានទទួលភារកិច្ចពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំគណៈកម្មការចំពោះកិច្ច ធ្វើការចុះបញ្ជីដីតំបន់ទន្លេសាបទាំងដីរដ្ឋ និងដីឯកជនរបស់ប្រជាពលរដ្ឋ ដើម្បីថែរក្សាព្រៃលិចទឹកក៏ដូចជាបឹងទន្លេសាបទាំងមូលឲ្យបានគង់វង្ស។
ជាលទ្ធផលមកដល់ពេលនេះ ការចុះបញ្ជីដីតំបន់ទន្លេសាបសម្រេចបានដូចខាងក្រោម៖
ក-ដីតំបន់៣៖ ជាតំបន់ព្រៃលិចទឹកដែលត្រូវការពារហាមប៉ះពាល់ដាច់ខាត (ដីរដ្ឋ)
បានចុះបញ្ជីដីតំបន់៣ជាដីរដ្ឋ រួចរាល់ជាស្ថាពរសម្រាប់ខេត្តកំពង់ឆ្នាំង និងខេត្តបន្ទាយមានជ័យ
ខ-ដីតំបន់២៖ ជាតំបន់វាលទំនាបលិចទឹកក្នុងរដូវវស្សា ដែលតំបន់នេះអាចផ្ដល់ត្រឹមជាសិទ្ធិប្រើប្រាស់ និងអាស្រ័យផលជូនប្រជាពលរដ្ឋដែលបានបង្កបង្កើនផលជាលក្ខណៈគ្រួសារ (ដីរដ្ឋ) បានវាស់វែងដីដែលប្រជាពលរដ្ឋប្រើប្រាស់និងអាស្រ័យផលក្នុងតំបន់២ បានជាង ១៦ម៉ឺនក្បាលដី ស្មើនឹង៨០% នៃក្បាលដីប៉ានស្មានប្រមាណ ២០ម៉ឺនក្បាលដី
គ-ដីតំបន់១៖ ជាតំបន់ភូមិដ្ឋានរបស់ប្រជាពលរដ្ឋអាចផ្ដល់ជាកម្មសិទ្ធិ (កម្មសិទ្ធិឯកជន) បានវាស់វែងរួចចំនួន ៧៦ម៉ឺនក្បាលដី ស្មើនឹង៨៨% នៃក្បាលដីប៉ានស្មានប្រមាណ ៨៦ម៉ឺនក្បាលដី និងបានចេញបណ្ណរួចចំនួន ៥៨ម៉ឺនក្បាលដីជូនប្រជាពលរដ្ឋ។
សម្រាប់ទិសដៅបន្ត ក្រុមការងារនៃក្រសួង នឹងបន្តវាស់វែងបញ្ចប់ក្បាលដីក្នុងតំបន់ទន្លេសាបនៅឆ្នាំ២០២៥ និងបន្តអនុវត្តនីតិវិធីចុះបញ្ជីនិងចេញបណ្ណ ទាំងដីរដ្ឋនិងដីឯកជនរបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និបាត២០២១ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕