(ភ្នំពេញ)៖ លោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក នៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម បានថ្លែងថា គោលបំណងនៃការរៀបចំដែនដី និងនគរូបនីយកម្ម គឺដើម្បីឱ្យកម្ពុជាក្លាយជាដែនដីសុវណ្ណភូមិ ឈរលើគោលការណ៍ឯករាជ្យ ម្ចាស់ការ និងខ្លួនទីពឹងខ្លួន។
ការថ្លែងបែបនេះរបស់លោក ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និបាត២០២១ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
នាឱកាសនេះ លោក បេងហុង សុជាតិ ខេមរ៉ូ បានថ្លែងយ៉ាងដូច្នេះថា «អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម នៃក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ បានបំពេញការងារអាទិភាពដែលត្រូវបានកំណត់ជាសមរភូមិទី៤ ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងរៀបចំដែនដីនិងនគរូបនីយកម្មកម្ពុជាអោយក្លាយទៅជាដែនដីសុវណ្ណភូមិ ដែលយើងអាចគ្រប់គ្រង និងប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាពនូវធនធាន និងសក្តានុពល ដោយឈរលើគោលការណ៍ឯករាជ្យ ម្ចាស់ការ និងខ្លួនទីពឹងខ្លួន»។
លោក បានបន្តថា ដើម្បីសម្រេចបំណងនេះ ក្រសួងបានផ្ដោតលើការងារសំខាន់ៗរួមមាន ការងារកសាងផែនការរូបវន្តគ្រប់គម្រិត, ការងាររៀបចំដែនដី ដោយយកចិត្តទុកដាក់ក្នុងការកសាងប្លង់គោលប្រើប្រាស់ដី, ការរៀបចំផែនការប្រើប្រាស់ដី, ការកសាងផែនការយុទ្ធសាស្ត្ររៀបចំដែនដីដើម្បីជំរុញការអភិវឌ្ឍតំបន់ប៉ូលសេដ្ឋកិច្ច, ការងាររៀបចំវគ្គបំពាក់បំប៉ន និងការងាររៀបចំលក្ខខណ្ឌការងារ និងកិច្ចសន្យាការងារ សម្រាប់ជ្រើសរើសក្រុមហ៊ុនឯកជន និងអ្នកស្ម័គ្រចិត្តអនុវត្តការងាររៀបចំប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដី។
បន្ថែមពីនេះ លោក ក៏បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី ក៏បានផ្តោតលើការងាររៀបចំដែនដី និងនគរូបនីយកម្ម ក្នុងក្របខណ្ឌក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ, ការងាររៀបចំកែលម្អទីក្រុង, ការងាររៀបចំកែលម្អតំបន់រមណីយដ្ឋានអង្គរ ក្នុងក្របខណ្ឌក្រុមការងារបច្ចេកទេស ក៏ដូចជាការងាររៀបចំដែនដីឃុំ មានធនធានវប្បធម៌ប្រវត្តិសាស្ត្រថែមទៀតផង។
លើសពីនេះទៀត ក្រសួងក៏បានយកចិត្តទុកដាក់លើការងារកិច្ចសហប្រតិបត្តិការ ការងាររៀបចំបទដ្ឋានគតិយុត្ត និងការងារកំណែទម្រង់ផ្សេងៗលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ៕