(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញការយល់ឃើញថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមិនត្រឹមតែជាប្រទេសដែលមានសន្ដិភាពប៉ុណ្ណោះទេ ថែមទាំងបានប្រែក្លាយទៅជាអ្នកតស៊ូមតិដើម្បីសន្ដិភាពយ៉ាងសកម្មមួយរបស់ពិភពលោក។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី តាមរយៈបណ្ដាញសង្គម បានប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី១១ សភាអន្ដរជាតិ នៃការអត់ឱន និងសន្ដិភាព។ លោកបញ្ជាក់ថា បាឋកថារយៈពេលជិត២ម៉ោង របស់សម្តេចបានឆ្លុះបញ្ចាំងនូវបទពិសោធ និងប្រវត្តិដ៏កម្ររបស់សម្តេចដែលបានដាក់ជីវិតធ្វើជាដើមទុន តស៊ូ ពុះពារ និងលះបង់សព្វបែបយ៉ាង ដើម្បីស្វែងរកសុខសន្តិភាពដ៏លំបាកលំបិន ហើយបានខិតខំថែរក្សាសន្តិភាព និងការអភិវឌ្ឍនេះបានគង់វង្សបានជាង៤ទសវត្សរ៍។

លោក ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំសូមគាំទ្រនូវប្រសាសន៍លើកឡើងរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី១១ សភាអន្តជាតិនៃការអត់ឱន និងសន្តិភាព។

បាឋកថារយៈពេលជិត ២ម៉ោង របស់សម្តេចបានឆ្លុះបញ្ចាំងនូវបទពិសោធ និងប្រវត្តិដ៏កម្ររបស់សម្តេចដែលបានដាក់ជីវិតធ្វើជាដើមទុន តស៊ូ ពុះពារ និងលះបង់សព្វបែបយ៉ាង ដើម្បីស្វែងរកសុខសន្តិភាពដ៏លំបាកលំបិន ហើយបានខិតខំថែរក្សាសន្តិភាព និងការអភិវឌ្ឍនេះបានគង់វង្សបានជាង៤ទសវត្សរ៍។

ក្រោមការដឹកនាំរបស់សម្តេច ព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែជាប្រទេសដែលមានសន្តិភាពប៉ុណ្ណោះទេ តែថែមទាំងបានប្រែក្លាយទៅជាអ្នកតស៊ូមតិដើម្បីសន្តិភាពយ៉ាងសកម្មមួយ របស់ពិភពលោក។ ការប្តេជ្ញាចិត្តដើម្បីសន្តិភាពយ៉ាងធំធេងរបស់សម្តេច គឺជាគំរូវីរភាពដ៏អស្ចារ្យសម្រាប់យើងខ្ញុំជាកូនចៅជំនាន់ក្រោយ ក្នុងការតម្កល់ទុកជាបាវចនាសម្រាប់ខ្លួន ក្នុងបេសកកម្មបន្តវេន និងថែរក្សាសុខសន្តិភាពដែលសម្តេចបានកសាងពូនជ្រុំបានដោយលំបាកនេះ។

យកឱកាសនេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះលទ្ធផល នៃកិច្ចប្រជុំពេញអង្គលើកទី១១ សភាអន្តរជាតិនៃការអត់ឱន និងសន្តិភាព ជាពិសេសការអនុម័តដោយជោគជ័យ នៅព្រះរាជាណាចក្រកម្ពុជា នូវធម្មនុញ្ញសន្តិភាពដើម្បីមនុស្សជាតិ​ និងភពផែនដី ដែលជាលិខិតូបករណ៍គ្រឹះ នៃការទទួលស្គាល់តម្លៃនៃសន្តិភាព និងករណីកិច្ចរបស់មនុស្សជាតិ ក្នុងការថែរក្សារតនវត្ថុដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានមួយនេះ»