(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ លោកស្រីបណ្ឌិត អាមីដា សាលស៊ីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-បាស៊ីហ្វិក (ESCAP) និងជាតំណាងជាន់ខ្ពស់នៃអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។
ក្នុងជំនួបនោះ លោកស្រីប្រធានគណៈប្រតិភូបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំយ៉ាងល្អកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី «ពិភពលោកមួយដែលគ្មានមីន» និងបានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូទាំងអស់ដែលបានចូលរួមកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ។
លោកស្រីប្រធានគណៈប្រតិភូបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា អំឡុងពេលដែលគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលនេះ គណៈប្រតិភូបានស្វែងយល់អំពីវប្បធម៌ អរិយធម៌ដ៏សម្បូណ៍បែបរបស់កម្ពុជានៅលើទឹកដីនៃខេត្តសៀមរាប-អង្គរ។ ក្នុងកិច្ចប្រជុំកំពូលនេះ បណ្ដាប្រទេសចូលរួមនឹងបង្ហាញនូវឆន្ទៈ និងការប្ដេជ្ញាចិត្តរួមក្នុងការលុបបំបាត់មីនប្រឆាំងមនុស្សជាតិ។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់ថា កម្ពុជាធ្លាប់ជាប្រទេសរងគ្រោះដោយសារសង្គ្រាម និងបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើននៅលើផ្ទៃដីកម្ពុជា ។ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្ដិភាពពេញលេញនៅឆ្នាំ១៩៩៨ កម្ពុជាបានយកចិត្តទុកដាក់លើការបោសសម្អាតមីន ដែលជាលទ្ធផលកម្ពុជាបានបោសសម្អាតមីនលើផ្ទៃដីជាង ៣,០០០ គីឡូម៉ែត្រក្រឡា ដោយបានប្រែក្លាយរាជធានី-ខេត្តអស់មីនចំនួន១៥ ក្នុងចំណោម ២៥ ជារាជធានី-ខេត្ត និងនៅមានផ្ទៃដីដែលនៅមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជិត១,៧០០គីឡូម៉ែត្រការ៉េ។ ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីបានថ្លែងអំណរគុណបណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍដែលបានចូលរួមចំណែក និងគាំទ្រកម្ពុជាលើការងារបោសសម្អាតមីន។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កម្ពុជាពិតជាមានមោទនភាពដែលបានចូលរួមចំណែកក្នុងការចែករំលែកនូវបទពិសោធន៍ និងផ្ដល់ការបណ្ដុះបណ្ដាលអំពីជំនាញបោសសម្អាតមីនដល់បណ្ដាប្រទេសនានានៅលើពិភពលោក៕