(ភ្នំពេញ)៖ ក្នុងការបោះឆ្នោតកែសម្រួលសមាសភាពក្បាលម៉ាស៊ីនព្រឹទ្ធសភា នារសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក អ៊ុច បូររិទ្ធ អតីតអនុប្រធានទី២ ត្រូវបានព្រឹទ្ធសភាបោះឆ្នោតគាំទ្រឱ្យកាន់តួនាទីជាអនុប្រធានទី១ នៃព្រឹទ្ធសភា ជំនួស លោក ប្រាក់ សុខុន ដែលទៅកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ជាមួយគ្នានេះ អង្គព្រឹទ្ធសភា ក៏បានបោះឆ្នោតគាំទ្រ លោក ធន់ វឌ្ឍនា អតីតប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា ជាអនុប្រធានទី២ នៃព្រឹទ្ធសភាផងដែរ។
ការបោះឆ្នោត បានធ្វើឡើងក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប។ លោក អ៊ុច បូររិទ្ធ និង លោក ធន់ វឌ្ឍនា ទទួលបានសំឡេងគាំទ្រចំនួន៥៨សំឡេង នៃចំនួនសមាជិកទាំងមូល។
សម័យប្រជុំនេះមានរបៀបវារៈចំនួន៣ រួមមាន៖
១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។
២៖ បោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភានីតិកាលទី៥។
៣៖ បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី២ ព្រឹទ្ធសភានីតិកាលទី៥។
ការកែសម្រួលសមាសភាពក្បាលម៉ាស៊ីនព្រឹទ្ធសភា ធ្វើឡើងបន្ទាប់ពីមានសំណើរបស់គណបក្សប្រជាជនកម្ពុជា បន្ទាប់ពី លោក ប្រាក់ សុខុន ទៅកាន់តំណែងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស លោក សុខ ចិន្តាសោភា។
ក្នុងសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ង៉ែត ចដ្តាវី ក៏ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភាថ្មី នៅមណ្ឌលភូមិភាគទី១ ផងដែរ។ សមាជិកថ្មីរូបនេះ នឹងត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង។ ចំណែក លោក យស ផានីត្តា សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕