(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយ លោក Kim Beazley AC ប្រធានក្រុមប្រឹក្សារំលឹកសង្គ្រាមអូស្ត្រាលី អតីតឧបនា​យក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និង​ពិភាក្សា​ការងារ នៅខេត្តសៀមរាប។

ក្នុងជំនួបនោះ លោកប្រធានគណៈប្រតិភូបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កម្ពុជាដែលបានរៀបចំយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី «ពិភពលោក​មួយដែលគ្មានមីន»។ លោកប្រធានគណៈប្រតិភូបានគូសរំលេចអំពីទំនាក់ទំនង និង​កិច្ចសហប្រតិការដ៏ល្អ​ និងដ៏យូរអង្វែងរវាងអូស្ត្រាលី-កម្ពុជាលើវិស័យជាច្រើន។​​ ចំពោះ​កិច្ចសហប្រតិបត្តិការក្នុងវិស័យបោសសម្អាតមីន លោកបានគូស​បញ្ជាក់ថា អូស្ត្រាលី នឹងគាំទ្រ និងសហប្រតិបត្តិការជាមួយកម្ពុជាបន្តទៀត។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្តែងការស្វាគមន៍ និងអរគុណចំពោះ​លោក​ប្រធានគណៈប្រតិភូ​ និងគណៈប្រតិភូ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ​ ហើយ​វត្តមានរបស់គណៈប្រតិភូនាឱកាសនេះ​​ ឆ្លុះបញ្ចាំងអំពីឆន្ទ: និងការប្តេជ្ញាចិត្តរបស់​អូស្រ្តាលី​ ក្នុងការចូលរួមលុបបំបាត់មីនប្រឆាំងមនុស្ស។​

សម្ដេចបវរធិបតីបានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីកម្ពុជា-អូស្ត្រាលី នៅលើវិស័យច្រើន ហើយសម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលី ដែលបានជួយគាំទ្រកម្ពុជា និងបានចូលរួមក្នុងដំណើរការ​នៃការស្វែងរកសន្ដិភាព និងការស្ដារប្រទេសឡើងវិញ ដែលការណ៍នេះជាការ​រួម​ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា រហូតដល់​សព្វថ្ងៃ​នេះ៕