(សៀមរាប)៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Gilles Carbonnier អនុ​ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ចូលជួបសម្ដែងការគួរ​សម និងពិភាក្សាការងារ នៅខេត្តសៀមរាប។

ក្នុងជំនួបនោះ លោកអនុប្រធានគណៈកម្មាធិការបានសម្ដែងនូវការអបអរសាទរ​ និង​កោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំបានយ៉ាង​ល្អ​នូវ​កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី «ពិភពលោកមួយដែលគ្មានមីន» នាឱកាសនេះ។

លោកអនុប្រធានគណៈកម្មាធិការ ក៏បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការ​ល្អរ​វាង​កាកបាទក្រហមអន្តរជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ជាពិសេស​នៅ​ក្នុង​វិស័យសុខាភិបាល និងសង្គមកិច្ច។​

លោកអនុប្រធានក៏បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិការជាមួយរាជដ្ឋាភិបាលបន្ថែមទៀត និងការបន្តផ្ដល់ការគាំទ្រដល់​កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិន​ទាន់ផ្ទុះ ដែលការណ៍នេះបង្ហាញអំពីការធ្វើការរួមគ្នា ដើម្បីពិភពលោកមួយគ្មាន​មីន។ លោកអនុប្រធានបានសង្កត់ធ្ងន់ថា កម្ពុជាសម្រេចបាននូវជោគ​ជ័យយ៉ាង​ច្រើនលើការបោសសម្អាតមីន ហើយបទពិសោធន៍ជោគជ័យនេះ​ គឺជាគុណតម្លៃ​របស់ប្រទេសកម្ពុជា សម្រាប់សកលលោក។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ​លោកអនុប្រធានគណៈកម្មាធិការ ICRC និងគណៈប្រតិភូ ដែលបានចំណាយ​ពេល​ដ៏មមាញឹកចូលរួមកិច្ចប្រជុំកំពូលនាឱកាសនេះ។ សម្ដេចបវរធិបតី ក៏បានថ្លែង​អំណរ​គុណចំពោះកាកបាទក្រហមអន្តរជាតិ ដែលបានគាំទ្រ និងចូលរួមចំណែក​នៅក្នុងការកសាង និងស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការអភិវឌ្ឍរីកចម្រើន។

សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានប្រែក្លាយពីប្រទេស​ទទួល​កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ទៅជាប្រទេសបញ្ជូនកងកម្លាំង​ ទៅ​តាមបណ្ដាប្រទេសមួយចំនួន ស្ថិតក្រោមឆ័ត្រអង្គការសហប្រជាជាតិ ហើយកម្ពុជា​មានមោទនភាព និងពេញចិត្តចំពោះការចែករំលែកបទពិសោធន៍ និងការបណ្ដុះ​បណ្ដាលអំពីជំនាញបោសសម្អាតមី ដើម្បីមនុស្សធម៌ ដល់បណ្ដាប្រទេសនានា​នៅលើសកលលោក។

សម្ដេចបវរធិបតី ក៏បានសង្កត់ធ្ងន់ពីគុណតម្លៃនៃសន្ដិភាព ដោយបានគូស​បញ្ជាក់​ថា នៅពេលប្រទេសមួយអវត្តមាននូវសុខសន្តិភាព ប្រទេសនោះនឹងពុំមានការ​អភិ​វឌ្ឍ​ និងរីកចម្រើនឡើយ។​ ក្នុងន័យនេះ​បណ្តាប្រទេសទាំងអស់គ្នា​ត្រូវធ្វើការ​រួមគ្នា​ដើម្បីការពារកុំឱ្យមានសង្គ្រាម នឹងខិតខំថែរក្សាសន្តិភាពឱ្យស្ថិតស្ថេរគង់វង្ស៕