(កំពង់ធំ)៖ លោក អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី, អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាំ ឆ្នាំ២០២៤នេះ បានអញ្ជើញរៀបចំធ្វើវេទិកាសាធារណៈរបស់ក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

វេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅក្នុងបរិវេណវត្តទេពនិម្មិត ដោយមានការចូលរួមពីសំណាក់លោកបណ្ឌិត សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក ជា កុសល រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអស់លោកស្រីតំណាងក្រសួងស្ថាប័ននានា ដែលជាអនុប្រធាន សមាជិកនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន និងលោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ ព្រមទាំងកងកម្លាំងសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធនៃរដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលក្រុងស្ទឹងសែនជាច្រើនរូប។

លោក អេង ទូច បានថ្លែងថា វេទិកាសាធារណៈថា គោលបំណងនៃការរៀបចំវេទិកាសាធារណៈនេះ គឺដើម្បីជួបប្រាស្រ័យផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ និងស្ដាប់នូវកង្វល់, សំណើ, សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីកំណត់ និងស្វែងរកវិធានការដោះស្រាយសមស្រប ព្រមទាំងផ្សព្វផ្សាយនូវកម្មវិធីនយោបាយ, យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយនានា ពិសេសគោលនយោបាយអាទិភាពទាំង៦ចំណុច ព្រមទាំងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តវិធានការគនឹ្លះទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ តាមរយៈវេទិកាសាធារណៈនេះ ក៏ជាឱកាសដែលក្រុមការងាររាជដ្ឋាភិបាលចុះមូលដ្ឋានអាចទទួលបាននូវព័ត៌មានត្រឡប់ ក៏ដូចជាការចូលរួមមតិយោបល់ផ្សេងៗពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយនានា និងកម្មវិធីកំណែទម្រង់ផ្សេងៗរបស់រាជរដ្ឋាភិបាលជាក់ស្តែងនៅមូលដ្ឋានពីសំណាក់ប្រជាពលរដ្ឋវិញផងដែរ។

លោក អេង ទូច ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំបានជ្រាបអំពីសមិទ្ធផលជាច្រើនរាប់មិនអស់ ដែលកើតចេញពីការខិតខំប្រឹងប្រែងយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ដែលដឹកនាំបន្តពី សម្តេចតេជោ ហ៊ុន សែន អគ្គមហាបុរសរដ្ឋគ្មានពីររបស់កម្ពុជា។

លោក អេង ទូច បានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត តែងនៅជាប់ជានិច្ចជាមួយប្រជាជន និងតែងបានគិតគូរដល់សុខទុក្ខរបស់ប្រជាជន, ផលប្រយោជន៍របស់ប្រជាជន និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ក្នុងន័យនេះ លោក អេង ទូច បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជឿទុកចិត្តលើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សូមបងប្អូនចូលរួមថែរក្សាសន្តិភាព ដោយកុំជឿរាល់ពាក្យញុះញង់មួលបង្កាច់របស់អ្នកដទៃ។

នៅក្នុងវេទិកាសាធារណៈដែលបានប្រព្រឹត្តទៅរយៈពេលមួយព្រឹកនេះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវសំណើរ និងសំណូមពរមួយចំនួន ហើយក្រុមការងារបានទទួលយកនូវសំណើទាំងនេះ ដោយក្នុងនោះសំណើរមួយចំនួនត្រូវបានក្រុមការងារដោះស្រាយផ្ទាល់រួចរាល់។ ចំពោះសំណើរមួយចំនួនទៀត ក្រុមការងារនឹងពិនិត្យសិក្សាបន្ថែម ដោយសហការនិងបញ្ជូនបន្តទៅរដ្ឋបាលខេត្ត និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តស្វែងរកនូវដំណោះស្រាយសមស្របជូន ដោយផ្អែកលើគោលនយោបាយ, ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងឱកាសនោះដែរ លោក អេង ទូច ក៏បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់។ ទន្ទឹមនេះ ក្នុងនាមលោក វង្សី វិស្សុត, លោកបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈអភិបាល និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលក្រុងស្ទឹងសែនទាំងអស់ ដែលសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនគួរជាទីមោទននាពេលកន្លងមក។

លោក អេង ទូច ក៏បានលើកទឹកចិត្តដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលក្រុងស្ទឹងសែនត្រូវបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ, ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព, ការដោះស្រាយចំពោះសំណើ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន ប្រកបដោយប្រសិទ្ធភាព តម្លភាព និងគណនេយ្យភាព ព្រមទាំងការធ្វើសកម្មភាពមនុស្សធម៌ផ្សេងៗ៕