(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបើកសិក្ខាសាលាភាពជាដៃគូអភិវឌ្ឍកូរ៉េ-កម្ពុជា ស្តីពី «គោលនយោបាយនិងការអនុវត្តគរុកោសល្យបរិយាបន្ន សម្រាប់ការអប់រំកុមារតូច ការចែករំលែកទស្សនៈទានសម្រាប់គុណភាពអប់រំកាន់តែប្រសើរ» ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត JINSOO LEE ព្រឹទ្ធបុរសរងនៃវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉ KDI, លោកស្រីបណ្ឌិត Mugyeong MOON អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានថែទាំ និងអប់រំកុមារតូចកូរ៉េ KICCE ព្រមទាំងលោកសាស្រ្តាចារ្យបណ្ឌិត ជាវាគ្មិនជាតិ និងអន្តរជាតិ។ ពិធីនេះសហការរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជានិងវិទ្យាស្ថានថែទាំនិងអប់រំកុមារតូចកូរ៉េ។
សម្រាប់លោកបណ្ឌិត JINSOO LEE បានថ្លែងថា ការរៀបចំសិក្ខាសាលាភាពជាដៃគូអភិវឌ្ឍកូរ៉េ-កម្ពុជា នេះឡើងគឺបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត រួមគ្នាដើម្បីកសាងសមត្ថភាពកុមារតូចនៅកម្ពុជា ដែលអាចបង្កើតនូវអនាគតដ៏ល្អប្រសើរមួយសម្រាប់កុមារតូចទទួលបានការរៀនសូត្រ សម្រាប់អនាគតរបស់ពួកគេ។
លោកបណ្ឌិត JINSOO LEE បានបង្ហាញជំនឿចិត្តថាកិច្ចខិតខំប្រឹងប្រែងរបស់រាជបណ្ឌិត្យសភាកម្ពុជា ហើយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉ KDI នឹងគាំទ្រ ដើម្បីចូលរួមដោះស្រាយចំពោះបញ្ហាប្រឈមសំខាន់ៗផងដែរ។
ចំពោះលោកស្រីបណ្ឌិត Mugyeong MOON បានលើកឡើងថា សិក្ខានេះមានសំខាន់ខ្លាំងណាស់ ដើម្បីអប់រំកុមារតូចនៅកម្ពុជា ចំពោះរឿងនេះក៏ជាសិក្សាស្រាវជ្រាវរបស់កូរ៉េ ផងដែរ។ ខណៈបញ្ហារីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យកុមារតូចជាច្រើនត្រូវបានអាក់ខានមិនបានចូលរួមក្នុងសកម្មភាពអប់រំកុមារ ជាដើម។
អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានថែទាំ និងអប់រំកុមារតូចកូរ៉េ បានថ្លែងថា ការអប់រំកុមារតូចនេះ គួរតែត្រូវទទួលស្គាល់ថាជាសិទ្ធិ មិនមែនអភ័យឯកសិទ្ធិនោះទេ ហើយការអប់រំកុមារតូច គឺជាសិទ្ធិមូលដ្ឋាន សម្រាប់កុមារទាំងអស់នៅក្នុងប្រទេសកម្ពុជា និងសម្រាប់កុមារទាំងនៅក្នុងប្រទេសកូរ៉េផងដែរ។
ចំពោះលោកបណ្ឌិត យង់ ពៅ បានថ្លែងថា សិក្ខាសាលានេះជាផ្នែកមួយនៃគម្រោងពង្រឹងសមត្ថភាពមន្រ្តីរាជការស៊ីវីលកម្ពុជា សម្រាប់ការស្រាវជ្រាវគោលនយោបាយមានរយៈពេល៥ឆ្នាំពីឆ្នាំ២០១៩-២០២៦ ដោយចែកចេញជា២ដំណាក់កាលគឺដំណាក់កាលទី១ ពីឆ្នាំ២០១៩-២០២៣ បានសហការជាមួយក្រុមប្រឹក្សាស្រាវជ្រាវជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមរបស់កូរ៉េ (NRC) ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្នបានបន្តជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ក្នុងនោះយើងផ្តោតជាសំខាន់លើទី១៖ ការអភិវឌ្ឍសមត្ថភាព ទី២៖ ការស្រាវជ្រាវរួមគ្នា ទី៣៖ សិក្ខាសាលាអន្តរជាតិ និងទី៤៖ ការចែករំលែកចំណេះដឹង។
លោកបណ្ឌិត យង់ ពៅ បានបន្តថា គោលនយោបាយ ស្តីពីការអប់រំបរិយាបន្នបានអភិវឌ្ឍ និង អនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា ចាប់តាំងពីឆ្នាំ២០១៨ ស្របនឹងគោលដៅ SDG ដោយមានគោលបំណងបណ្តុះការអប់រំដល់ជនស្ថិតក្នុងសេចក្តីត្រូវការពិសេស ដើម្បីឱ្យពួកគាត់មានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាពេញលេញដែលអាចជួយឱ្យពួកគាត់ក្លាយខ្លួនជាសមាជិកសកម្ម និងអាចរស់នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា។គោលនយោបាយនេះមានវិសាលភាពលើការអប់រំចាប់ពី មតេយ្យសិក្សារហូតដល់ឧត្តមសិក្សា តាមគ្រឹះស្ថានសាធារណៈនិងឯកជន។
លោកបណ្ឌិតបានបន្តថា ការអប់រំបរិយាបន្នឆ្លើយតបទៅនឹងសេចក្តីត្រូវការទាំងឡាយរបស់បុគ្គល និងក្រុមនានាតាមរយៈការលើកកម្ពស់ការចូលរួមក្នុងការសិក្សា វប្បធម៌ និងសហគមន៍ និងលុបបំបាត់ការផាត់ចេញពីប្រព័ន្ធអប់រំ។ ការអប់រំនេះទាមទារឱ្យមានការអភិវឌ្ឍជាប្រចាំនូវខ្លឹមសារមេរៀន យុទ្ធវិធី ទម្រង់ និងយុទ្ធសាស្រ្ត ដើម្បីទាញជនគ្រប់រូបទៅក្នុងប្រព័ន្ធអប់រំ។ ការអប់រំកុមារតូច ពិតជាសារៈសំខាន់សម្រាប់ជាមូលដ្ឋានគ្រឹះមូលធនមនុស្សប្រកបដោយស្មារតីជាតិរឹងមាំ។ ហេតុនេះការអប់រំកុមារតូចនៅថ្នាក់មតេយ្យ គឺជារឿងត្រូវគិតគូខ្លាំងជាងគេ មុននឹងបន្តទៅរៀននៅកម្រិតបឋមសិក្សា និងភូមិសិក្សាបន្តបន្ទាប់ទៀត ព្រោះថាក្មេងថ្ងៃនេះ នាថ្ងៃអនាគតពួកគេជាកំណត់ពីសមត្ថភាពជាតិ, ដូច្នេះហើយ ទើបយើងត្រូវសម្រួចថ្ងៃនេះ ដើម្បីថ្ងៃខាងមុខ។ អប់រំកុមារតូច ក៏ជាចំណុចអាទិភាពមួយ នៃគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអណត្តទី៧ ក្រោមការដឹកនាំរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា អប់រំកុមារតូច នៅកម្ពុជាហាក់នៅមានកម្រិតបើធៀបជាមួយនឹងសាធារណរដ្ឋកូរ៉េ ដែលតម្រូវឱ្យយើងត្រូវសិក្សាឈ្វេងយល់បន្ថែមទៀតពីចំណុខ្លាំង និងចំណុចខ្សោយរបស់គេ ដើម្បីជាយកមកតម្រង់ទិស និងកែសម្រួលឱ្យសមស្របទៅតាមសង្គមកម្ពុជា៕