(ភ្នំពេញ)៖ បើតាម លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា មកដល់ពេលនេះ មានប្រជាពលរដ្ឋស្ម័គ្រចិត្តជាង ៩ពាន់គ្រួសារ បានទៅរស់នៅតំបន់អភិវឌ្ឍរុនតាឯក និងតំបន់អភិវឌ្ឍពាក់ស្នែង។
ការបញ្ជាក់បែបនេះរបស់លោក ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និបាត២០២១ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែនដីរូបនេះ បានថ្លែងថា ក្នុងគោលដៅរៀបចំតំបន់រមណីយដ្ឋានឧទ្យានជាតិអង្គរឲ្យកាន់តែប្រសើរ ក្រោមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប ក្រសួងស្ថាប័ន សហគមន៍ និងអង្គការពាក់ពន្ធ័ និងការដឹកនាំផ្ទាល់ពី ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារអន្តរក្រសួង បានចុះសិក្សាអំពីស្ថានភាពជាក់ស្តែងតំបន់ដែលប៉ះពាល់ដល់ប្រាង្គប្រាសាទ បុរាណដ្ឋាន ដើម្បីស្វែងដំណោះស្រាយសមស្រប ក្នុងនោះមាន៖
ទី១៖ ការចុះស្រង់ទិន្នន័យក្បាលដីមានសំណង់ ក្បាលដីកសិកម្ម ស្ថិតិចំនួនប្រជាពលរដ្ឋ គ្រួសារពលរដ្ឋ នៅក្នុងតំបន់ការពារទី១ និងតំបន់ការពារទី២ នៃភូមិបុរាណទាំង១១៤ភូមិ
ទី២៖ ឈរលើគោលដៅលើកកម្ពស់ជីវភាពរស់នៅ សិទ្ធិកាន់កាប់អចលនទ្រព្យ រាជរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍតំបន់រុនតាឯក និងពាក់ស្នែង ដើម្បីផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តប្តូរទៅរស់នៅក្នុងតំបន់អភិវឌ្ឍទាំង២ តាមរយៈការចាប់ឆ្នោតដោយក្នុងមួយគ្រួសារទទួលបានដីឡូត៍ទំហំ ២០មx៣០ម និងផ្តល់នូវការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជាផ្លូវ ទឹកស្អាត អគ្គិសនី សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារាម និងគោលនយោបាយផ្សេងទៀត
ទី៣៖ មកដល់ពេលនេះ «មានគ្រួសារប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាប់ឆ្នោតទទួលយកគោលនយោបាយជាដីឡូត៍ ទៅរស់នៅទីតាំងថ្មីសរុប ៩,៩០៤គ្រួសារ ក្នុងនោះទៅតំបន់អភិវឌ្ឍរុនតាឯក ៥,៨៦៥គ្រួសារ (ទទួលបានបណ្ណកម្មសិទ្ធិលើដីឡូត៍ ៥,៦៨៦) និងតំបន់អភិវឌ្ឍពាក់ស្នែង ៤,០៣៩គ្រួសារ»៕