(ភ្នំពេញ)៖ លោក ប៉ែន សុផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានថ្លែងថាការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា នឹងចូលរួមប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការថ្លែងបែបនេះរបស់លោក ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និបាត២០២១ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា រួមមានខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ត្រូវបានដាក់បញ្ចូល ជាសមាជិកពេញសិទ្ធិក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កាលពីថ្ងៃទី២៦ ខែខុសភា ឆ្នាំ២០១១ នៅទីក្រុងទូបាគូតា ប្រទេសសេណេហ្គាល់ ដោយសារសក្តានុពលភូមិសាស្ត្ររូបវន្ត។

ភាពសម្បូរបែបនៃជីវៈចម្រុះ ភាពល្អប្រណីតនៃបរិស្ថានធម្មជាតិ តម្លៃប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ចសង្គម វប្បធម៌ និងប្រពៃណីក្នុងតំបន់ ព្រមទាំង ភាពទាក់ទាញផ្នែកទេសចរណ៍ មានដូចជាធនធានធម្មជាតិ សមុទ្រ កោះ ឆ្នេរសមុទ្រ ទឹកសមុទ្រ ខៀវស្រងាត់ សត្វសមុទ្រ ស្មៅសមុទ្រ ផ្កាថ្ម មច្ឆជាតិសមុទ្រ ព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ភ្នំ ជម្រាលភ្នំ ទឹកជ្រោះ តំបន់ការពារធម្មជាតិ និងព្រៃឈើ ដែលជាសក្តានុពលនិងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរូបវន្ត សេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម។

បន្ថែមពីនេះ សក្តានុពលនៃឆ្នេរសមុទ្រកម្ពុជា ក៏ជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រនិងកោះ ប្រកបដោយប្រជាប្រិយភាព ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់មកទស្សនាលម្លែកម្សាន្តក្នុងមួយឆ្នាំៗ និងត្រូវបានប្រសិទ្ធនាមថា «តំបន់ឆ្នេរសមុទ្រកម្ពុជា ជារមណីយដ្ឋានឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក»។

ជាមួយគ្នានេះ លោក ប៉ែន សុផល បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាជា «ប៉ូលសេដ្ឋកិច្ចជាតិទំនើបប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល និងជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រស្អាតលំដាប់សកលលោក» ដើម្បីរួមចំណែកសំដៅប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកបានបន្តថា ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា, គ.អ.ឆ.ក បានជំរុញការងារគ្រប់គ្រងរៀបចំកែលម្អ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានជាអាទី៍៖

*ទី១៖ ការពង្រឹងរៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត មានគម្រោងអាទិភាពទី១ គឺការរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងនិង ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលសេចក្ដីព្រាងច្បាប់នេះត្រូវបានដាក់បញ្ចូលជាមួយនឹងសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំដែនដី និងនគរូបនីយកម្ម ដែលបានបញ្ចប់កិច្ចពិគ្រោះយោបល់ទូលាយ ដើម្បីបន្តស្នើសុំការអនុម័តស្របតាមនីតិវិធីជាធរមាន

*ទី២៖ គម្រោងអភិវឌ្ឍ រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈ កម្រិតខ្ពស់ «ឆ្នេរតេជោ សន្តិភាពកែប» ប្រវែង ២,៧០០ម៉ែត្រ ចាប់ពីផ្សារក្តាមដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប

*ទី៣៖ គម្រោងអភិវឌ្ឍផ្លូវជិះកង់ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង

*ទី៤៖ កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោមប្រធានបទ «កម្ពុជា៖ មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ»

*ទី៥៖ គម្រោងរៀបចំកំពង់ផែទេសចរណ៍ និងគម្រោងកែលម្អនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ ឆ្នេរ សមុទ្រកម្ពុជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង៕