(ភ្នំពេញ)៖ ក្រុមហ៊ុន ជីស៊ី អូរឫស្សី ឯ.ក ដែលមានគម្រោងឈ្មោះ «ផ្សារជីស៊ី អូរឫស្សី» មានទីតាំងស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននឹងកំពុងប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលជាអំពើល្មើសនឹងបទប្បញ្ញត្តិជាធរមាន។ នេះបើតាមសេចក្តីជូនដំណឹងរបស់ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
សេចក្តីជូនដំណឹងបញ្ជាក់ថា គម្រោងខាងលើកំពុងស្ថិតក្នុងនីតិវិធីបណ្តឹង និងត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នលេខ ៥៩៨ «ក» ដ.រ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយហាមឃាត់ការធ្វើអាជីវកម្ម (ការលក់ ឬជួល) ការផ្សព្វផ្សាយធ្វើទីផ្សារ និង ការផ្សព្វផ្សាយពាណិជ្ជកម្មតាមគ្រប់រូបភាពពាក់ព័ន្ធនឹងគម្រោងឈ្មោះ ផ្សារជីស៊ី អូរឫស្សី។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានអំពាវនាវដល់សាធារណជនទាំងអស់ មិនត្រូវចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍអចលនវត្ថុនេះ ដរាបណាមិនទាន់ទទួលបានអាជ្ញាបណ្ណពី និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ អាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយ ជាយថាហេតុ។
ពាក់ព័ន្ធករណីខាងលើនេះ អតិថិជនដែលបានទិញគម្រោង ផ្សារជីស៊ី អូឫស្សី នេះបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា កន្លងមកក្រុមហ៊ុនជីស៊ី អូរឫស្សី ឯ.ក បានធ្វើការប្រកាសលក់តូបផ្សារជីស៊ី អូរឫស្សី របស់ខ្លួនយ៉ាងគគ្រឹកគគ្រេងកាលពីអំឡុងឆ្នាំ២០២១ ហើយមានអតិថិជនជាច្រើនទាំងក្នុង និងក្រៅប្រទេស ជាពិសេសប្រជាពលរដ្ឋ និងអាជីវករខ្មែរបានទិញគម្រោងផ្សារនេះ ។ ប៉ុន្តែក្រុមហ៊ុននេះមិនបានអភិវឌ្ឍគម្រោង ទៅតាមតាមកិច្ចសន្យាជាមួយអតិថិជននោះទេ ដែលនេះបណ្តាលមានឱ្យមានការ ផ្ទុះការតវ៉ាយ៉ាងខ្លាំងកាលពីឆ្នាំ២០២៣កន្លងទៅនេះ។
អតិថិជនដែលបានទិញគម្រោងផ្សារនេះបានបន្តលើកឡើងថា គម្រោងផ្សារជីស៊ី អូរឫស្សី នេះគឺជាគម្រោងបោកប្រាស់ និងជាគម្រោងខ្យល់ ដោយសារតែមិនមានការសាងសង់ឡើងជាគ្រោងអគារទាល់តែសោះ បើទោះបីជាដល់ថិរវេលាកំណត់ត្រូវប្រគល់តូបផ្សារហើយក៏ដោយក្តី ហើយថែមទាំងបុកគ្រឹះទីតាំងគម្រោងផ្សាររបស់ខ្លួន ខុសពីទីតាំងដែលបានលក់ឱ្យអតិថិជនទៅវិញ។
អតិថិជនដដែលរូបនោះបានបន្តថា ក្រុមហ៊ុនជីស៊ី អូរឫស្សី បានទៅធ្វើការបុកគ្រឹះតិចតួចនៅដីខាងក្រោយគម្រោងផ្សារដែលបានលក់ ដោយដីនោះគឺមិនជាប់ផ្លូវមហាវិថីសហព័ន្ធរុស្សីនោះឡើយ ដែលនេះគឺផ្ទុយស្រឡះពីការចុះកិច្ចសន្យាទិញលក់ជាមួយអតិថិជន។ ជារួម ក្រុមហ៊ុនជីស៊ី អូរឫស្សី នេះ លក់គម្រោងជាប់ផ្លូវមហាវិថីសហព័ន្ធរុស្សី ឱ្យអតិថិជនក្នុងតម្លៃថ្លៃ ប៉ុន្តែបែរទៅជាធ្វើការសាងសង់នៅលើដីខាងក្រោយ ដែលគ្មានផ្លូវទៅវិញ ហើយការចេញចូលទៀតសោតគឺតាមច្រកផ្លូវក្រសួងពាណិជ្ជកម្មតែប៉ុណ្ណោះ។
ត្រង់នេះបានបង្ហាញយ៉ាងច្បាស់ពីចេតនាទុច្ចរិតរបស់ក្រុមហ៊ុនជីស៊ី អូរឫស្សី មួយនេះ ក្នុងការបោកប្រាស់ប្រជាពលរដ្ឋខ្មែរ និងវិនិយោគិនផ្សេងទៀតដែលបានទិញគម្រោងផ្សាររបស់ខ្លួន។
អ្វីដែលកាន់តែច្បាស់ទៀតនោះគឺថ្មីៗនេះ គេស្រាវជ្រាវរកឃើញយ៉ាងច្បាស់ថា ក្រុមហ៊ុនជីស៊ី អូរឫស្សី ឯ.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងផ្សារ ជីស៊ី អូឫស្សី គឺបានលក់គម្រោងតូបផ្សាររបស់ខ្លួនដោយគ្មានអាជ្ញាបណ្ណត្រឹមត្រូវ តាំងពីបើកលក់ដំបូងរហូតមកដល់បច្ចប្បន្ន នេះបើយោងតាមសេចក្តីជូនដំណឹងរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលសកម្មភាពទាំងអស់នេះគឺជាអំពើល្មើសច្បាប់ ។
មិនត្រឹមតែប៉ុណ្ណោះ ដីដែលជាទីតាំងគម្រោងផ្សារជាប់មហាវិថីសហព័ន្ធរុស្ស៊ី ដែលក្រុមហ៊ុនបានលក់ទៅឱ្យអតិថិជននោះ ក៏មិនមែនជាដីកម្មសិទ្ធិរបស់ខ្លួននោះដែរ ហើយដីនេះក៏កំពុងជាប់ដីកាចាត់ចែងជាបណ្តោះអាសន្ន (ជាប់រក្សាការពារ) របស់ម្ចាស់ដីផ្ទាល់ផងដែរ ដោយតុលាការបានហាមឃាត់យ៉ាងច្បាស់មិនឱ្យក្រុមហ៊ុនជីស៊ី អូរឫស្សី ឯ.ក ធ្វើការលក់ ដូរ ជួល ផ្ទេរកម្មសិទ្ធិ បញ្ចាំ ហើយក៏មិនឱ្យធ្វើអាជីវកម្ម ផ្សព្វផ្សាយធ្វើទីផ្សារ តាមគ្រប់រូបភាពទាំងអស់ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់អតិថិនដដែលរូបនោះ៕