(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ បានលើកបង្ហាញពីសមត្ថភាពមីស៊ីលទំនើបបំផុត Oreshnik របស់រុស្ស៊ី ដែលមានល្បឿនលឿនជាសំឡេង១០ដង ដែលវាមិនត្រឹមតែគំរាមដល់សុវត្ថិភាពរបស់អ៊ុយក្រែនទេ តែថែមទាំងគំរាមដល់សម្ព័ន្ធមិត្ត NATO ទៅទៀត។ ការលើកឡើងរបស់ លោក ម៉ារ យ៉ារិទ្ធិ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
នៅពេលថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានព្រមានកម្ទេចទីតាំងសត្រូវរបស់ខ្លួន តាមរយៈការប្រើមីស៊ីលបាលីស្ទីក Oreshnik ដែលជាមីស៊ីលមានល្បឿនលឿនជាងសំឡេងដប់ដង និងធ្វើដំណើរក្នុង៣០នាទីបានរយៈចម្ងាយជាង៥,៤០០គីឡូម៉ែត្រ។ មីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេង Oreshnik នេះ ត្រូវបានប្រើប្រាស់លើកដំបូង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ដោយបាញ់ដាក់លើក្រុងឧស្សាហកម្ម Dnepropetrovsk ដែលជាមជ្ឈមណ្ឌលផលិតអាវុធដ៏ធំមួយរបស់អ៊ុយក្រែន។
បើតាមលោក ម៉ារ យ៉ារិទ្ធិ, ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានព្រមានដល់បណ្តាមេដឹកនាំប្រទេស ដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈ ចម្ងាយឆ្ងាយបាញ់ចូលក្នុងទឹកដីរុស្ស៊ី ត្រូវពិចារណារឿងនេះឱ្យបានហ្មត់ចត់។ លោក ពូទីន បានថ្លែងថា៖ «ក្នុងករណី ដែលមានការកើនឡើង នៃសកម្មភាពឈ្លានពានដាក់មកលើរុស្ស៊ី យើងនឹងឆ្លើយតបដោយម៉ឺងម៉ាត់ និងក្នុងលក្ខណៈដូចគ្នាទៅវិញទៅមក»។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាចំណុចនេះដូចតទៅ៖