(ពោធិ៍សាត់)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញប្រកាសឱ្យចូលកាន់មុខតំណែងជាផ្លូវការលោក សុង សុធា ពីអភិបាលរងក្រុងពោធិ៍សាត់ ជាអភិបាលរងស្រុកវាលវែង។

យោងតាមប្រកាសលេខ ៦១០១ប្រក របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ត្រង់ប្រការ២ បានសម្រេចផ្ទេរភារកិច្ចលោក សុង សុធា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងក្រុងពោធិ៍សាត់ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងស្រុកវាលវែង នៃខេត្តពោធិ៍សាត់។

បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានសេចក្តីប្រកាស ស្តីពីការតែងតាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការនោះរួចមក លោក សុង សុធា ដែលទើបផ្ទេរភារកិច្ចថ្មី ជាអភិបាលរងស្រុកវាលវែង បានប្តេជ្ញាចិត្តដូចតទៅ៖
*ទី១៖ ប្តេជ្ញា អនុវត្តឱ្យបានល្អប្រសើរ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
*ទី២៖ ប្តេជ្ញា អនុវត្តឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលយកការអភិវឌ្ឍ ធនធានមនុស្ស ជាអាទិភាព។
*ទី៣៖ គោរពយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍ គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធ នានារបស់រាជរដ្ឋាភិបាល។
*ទី៤៖ រឹតចំណងសាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អមិនបង្កភាពអសកម្មផ្សេងៗឡើយ។
*ទី៥៖ បង្កើនការរៀនសូត្របន្ថែម ស្រាវជ្រាវរាល់គន្លឹះ អំពីរបៀបរបបធ្វើការងារប្រចាំថ្ងៃរបស់ខ្លួន។
*ទី៦៖ ខិតខំថែរក្សា ការពារ និងពង្រឹងពង្រីកស្មារតី សាមគ្គីភាព ទំនាក់ទំនង សហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយលោក លោកស្រី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក មន្ត្រីរាជការនៅគ្រប់អង្គភាពជុំ វិញក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងបណ្តាអាជ្ញាធរឃុំ សង្កាត់ទាំងអស់ទូទាំងក្រុង ស្រុក ដើម្បីផ្សារភ្ជាប់កិច្ច អភិវឌ្ឍន៍មូលដ្ឋានតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

លោក ពៅ ពិសិដ្ឋ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលស្រុកវាលវែង រដ្ឋបាលឃុំ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ដែលបានយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្ម ក្នុងការបំពេញកិច្ចការសាធារណៈ លើគ្រប់វិស័យ រួមទាំងការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ការធានាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការដោះស្រាយជីវភាពប្រជាជន និងការផ្តល់សេវាសាធារណៈចាំបាច់នានានៅមូលដ្ឋាន ជូនប្រជាជនបានល្អប្រសើរ។

លោកអភិបាលរងខេត្តបន្តថា ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងារ ក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរភារកិច្ចសម្រាប់អាណត្តិ លោក សុង សុធា ពីអភិបាលរងក្រុងពោធិ៍សាត់ មកជាអភិបាលរងស្រុកវាលវែងដើម្បីសម្រួលដល់ការផ្តល់សេវានៅមូលដ្ឋាន ឱ្យកាន់តែលឿន មានភាពជឿជាក់ និងមានតម្លាភាព។

លោកសង្ឃឹមថា លោកអភិបាលរងស្រុកវាលវែង ដែលទើបទទួលបានការផ្ទេរភារកិច្ចថ្មី ត្រូវខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធន៍ ដែលមានពីមុនមក ដើម្បីបន្តក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋានរបស់យើង ឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

លោក ពៅ ពិសិដ្ឋ សូមស្នើដល់ក្រុមប្រឹក្សា គណៈអភិបាលស្រុក ការិយាល័យអង្គភាពនានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលឃុំ និងប្រជាពលរដ្ឋទូទាំងស្រុក ផ្តល់ការគាំទ្រដល់លោកអភិបាលរងស្រុកថ្មី ដើម្បីបន្តរួមគ្នាថែរក្សាពង្រឹង សន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម និងខិតខំរួមគ្នា ធ្វើការអភិវឌ្ឍស្រុក ឱ្យកាន់តែមានការរីកចម្រើន លើគ្រប់វិស័យបន្តទៀត។

ជាមួយគ្នានោះ លោកបានណែនាំដល់អភិបាលរងស្រុកថ្មី ត្រូវមានភាពស្មោះត្រង់ជាមួយមន្ត្រីក្រោមឱវាទ និងថ្នាក់លើ ជាពិសេសជាមួយរាជរដ្ឋាភិបាល និងត្រូវគោរពតាមការប្តេជ្ញាចិត្ត ដូចក្នុងពេលប្រកាសឡើងកាន់តំណែងថ្មីនេះ ព្រមទាំងបានស្នើឱ្យខិតខំធ្វើការងារ ដោយសហការ និងពង្រឹង សាមគ្គីភាពផ្ទៃក្នុង ឱ្យបានល្អជាមួយសហការី អង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបី ឱ្យដំណើរការបានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕