(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មានតែសហរដ្ឋអាមេរិក និងអង់គ្លេសទេ ដែលចេញមុខជួយផ្ទាល់ខ្លាំងដល់អ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៉ី បើពឹងលើសហភាពអឺរ៉ុប អឺរ៉ុបក៏មានការពឹងផ្អែកខ្លាំងលើរុស្ស៉ីដែរជុំវិញឧស្ម័នធម្មជាតិ ដែលនេះអាចពិបាកសម្រាប់អឺរ៉ុបក្នុងជួយអ៊ុយក្រែន។ ការលើកឡើងបែបនេះរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

សម្រាប់លោកបណ្ឌិត ការសន្យារបស់អឺរ៉ុប ជាមួយអ៊ុយក្រែន នាពេលកន្លងមកហាក់ដូចជាពិរោះខ្លាំងណាស់ ប៉ុន្តែអ៊ុយក្រែន បែជាភ្លេចមើលខ្លួនឯងថាតើ ស័ក្តិសមសម្រាប់ទទួលពាក្យសន្យារបស់អឺរ៉ុបនោះដែរឬទេ? តួរយ៉ាងការសន្យាឱ្យចូលជាសមាជិក NATO គឺមានលក្ខខណ្ឌមួយគឺប្រទេសនោះ ត្រូវតែមិនមែនស្ថិតនៅក្នុងសង្រ្គាម ខណៈដែលការចូលជាសមាជិករបស់សហភាពអឺរ៉ុបវិញ គឺត្រូវមានសេដ្ឋកិច្ចរីកចម្រើន ដែលទាំងអស់នេះបច្ចុប្បន្នអ៊ុយក្រែនខ្លួនឯងមិនមានឡើយ។

អាស្រ័យហេតុនេះហើយបានជាលោកបណ្ឌិត អំពាវនាវឱ្យមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការសម្រេចចិត្តទទួលយកនូវការសន្យាណាមួយ ត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់នូវលក្ខខណ្ឌជាមុនផង កុំជឿនូវការសន្យាដែលពិរោះ តែមានភាពច្បាស់លាស់ក្នុងការទទួលបាន។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖