(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំកម្មវិធី «ទិវាបើកឱ្យចូលទស្សនាក្នុងស្ថានទូតចិន» នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីនិស្សិតជិត ១០០០នាក់ មកពីសាកលវិទ្យាល័យចំនួន៦ នៅរាជធានីភ្នំពេញ ក្នុងនោះរួមមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យអាស៊ីអឺរ៉ុប, និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
លោកឯកអគ្គរដ្ឋទូត Wang Wentian បានស្វាគមន៍និស្សិត និងលោកគ្រូ អ្នកគ្រូ ដែលបានចូលរួមនៅក្នុងទស្សនកិច្ចនេះ។ នៅក្នុងសុន្ទរកថាបើក ឯកអគ្គរដ្ឋទូត Wang បានលើកឡើងពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្តភាព និងទ្វេភាគីរវាងកម្ពុជា-ចិន ព្រមទាំងភាពជាដៃគូ ដែលកសាងឡើងក្រោមស្មារតីគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការរួម និងឆ្ពោះទៅរកវិបុលភាពរួមគ្នា។
លោកឯកអគ្គរដ្ឋទូត Wang បានថ្លែងបញ្ជាក់ថា៖ «ប្រទេសចិនជាប្រទេសដែលផ្តល់តម្លៃដល់សន្តិភាព»។ ជាមួយគ្នានេះ លោកក៏បានពណ៌នាទំនាក់ទំនងនេះថាជាកេរដំណែលដ៏មានតម្លៃបន្សល់ទុកដោយអតីតមេដឹកនាំនៃប្រទេសទាំងពីរ ក្រោមស្មារតីគោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការរួម។
នាឱកាសនោះ និស្សិតកម្ពុជាក៏មានឱកាសចែករំលែកចំណាប់អារម្មណ៍របស់ពួកគេចំពោះប្រទេសចិន និងទំនាក់ទំនងកម្ពុជា-ចិន ដោយបង្ហាញពីទំនាក់ទំនងយូរអង្វែង ប្រកបដោយផ្លែផ្កា និងមិត្តភាពរវាងប្រជាជាតិទាំងពីរ។
«ទិវាបើកឱ្យចូលទស្សនាក្នុងស្ថានទូតចិន» មានសកម្មភាពជាបន្តបន្ទាប់ដែលរៀបចំឡើងដើម្បីបង្ហាញពីវប្បធម៌ចិន និងលើកកម្ពស់ការយល់ដឹងរវាងប្រជាជននៃប្រជាជាតិទាំងពីរ ក្នុងនោះក៏មានការបង្ហាញអក្សរផ្ចង់បែបប្រពៃណីចិន កីឡា ការតាំងពិព័រណ៍លើមុខម្ហូប និងភាសាចិន ដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចូលរួម។
ការតាំងពិព័រណ៍ដែលបង្ហាញពីសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនលើវិស័យដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌ក៏ត្រូវបានដាក់តាំងបង្ហាញផងដែរ។
អ្នកចូលរួមជាច្រើនបានសម្តែងការពេញចិត្តចំពោះឱកាសចូលរួមជាមួយវប្បធម៌ចិន និងស្វែងយល់បន្ថែមអំពីគម្រោងសហការដែលផ្តល់ផលប្រយោជន៍ដល់កម្ពុជា។
«ទិវាបើកឱ្យចូលទស្សនាក្នុងស្ថានទូតចិន» បានបញ្ចប់ជាមួយនឹងការប្តេជ្ញាចិត្តរបស់លោក ឯកអគ្គរដ្ឋទូត Wang Wentian ដែលបានសង្កត់ធ្ងន់លើនិមិត្តរូបនៃភាពសុខដុមរមនា និងសេចក្តីប្រាថ្នារួមគ្នារបស់ប្រជាជាតិទាំងពីរ។ ទិវានេះ ត្រូវបានរៀបចំឡើងមិនត្រឹមតែចំណងការទូតប៉ុណ្ណោះទេ ប៉ុន្តែចំណងមិត្តភាពយូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ៕