(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ក្នុងក្របខណ្ឌជាលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.)។  
 
ថ្លែងក្នុងពិធីបិទសិក្ខាសាលាដែលសុទ្ធតែបង្ហាញ និងពិភាក្សាលើខ្លឹមសារ នៃការកែទម្រង់រដ្ឋបាលសាធារណៈ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅនីតិកាលទី៧ នៃរដ្ឋសភា មិនមែនជារឿងថ្មីនោះទេ គឺជាកិច្ចការដែលបន្តពីនីតិកាលមុនៗ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកសាងគ្រឹះសម្រាប់យើង ដើម្បីអនុវត្តបន្ត។ នៅពេលនេះ ការងារកែទម្រង់រដ្ឋបាលសាធារណៈនីតិកាលទី៧ នៃរដ្ឋសភា ខុសប្លែកពីនីតិកាលទី៦ទៅលើវិធីសាស្ត្រ នៃការអនុវត្ត និងការកំណត់អាទិភាព នៃវិធានការគន្លឹះតែប៉ុណ្ណោះ។

លោក ហ៊ុន ម៉ានី បានបន្ថែមថា ការងារកែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ជាការដឹកនាំ ដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការងារកែទម្រង់រដ្ឋបាលសាធារណៈ ក៏មិនមែនជាការងារដោយឡែករបស់ក្រសួងមុខងារសាធារណៈ តែម្នាក់ឯងនោះដែរ គឺជាការងាររបស់ ក្រសួងស្ថាប័នទាំងអស់គ្នារួមទាំង អង្គភាព ថ្នាក់ក្រោមជាតិផងដែរ។

លោកបន្ដថា «ការងារកែទម្រង់រដ្ឋបាល សាធារណៈដែលក្រសួង មុខងារសាធារណៈ កំពុងសហការ និងសម្របសម្រួលនាពេលនេះ គឺមិនមែនជាការដាក់សម្ពាធ មិនមែនជាការវះកាត់ ឬជាដាក់វិធានការតឹងតែងចំពោះក្រសួងស្ថាប័នទេ ផ្ទុយទៅវិញ នេះគឺជាការផ្តល់នូវការគាំទ្រ និងជំនួយបច្ចេកទេសចាំបាច់ដើម្បី ធានាដល់ស្ថាប័នកាន់តែរឹងមាំ និងអនុវត្តបេសកកម្មរបស់ ក្រសួងស្ថាប័នឲ្យមានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ […] សូមយើងទាំងអស់គ្នាចាត់ទុកថា ការងារកែទម្រង់គឺជាឱកាស ឱកាសក្នុងការកែលម្អខ្លួនឯង និងឱកាស ក្នុងការកែលម្អ អង្គភាពឲ្យកាន់តែប្រសើរឡើង»។
 
សិក្ខាសាលារយៈ១ថ្ងៃពេញនេះ បានរៀបចំឲ្យមាននូវបទបង្ហាញចំនួន៣ ពីវាគ្មិនជាថ្នាក់ដឹកនាំ នៃក្រសួងមុខងារសាធារណៈ ព្រមទាំងរៀបចំវេទិការសំណួរ-ចម្លើយ លើប្រធានបទស្តីពី វិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៣ នៃរដ្ឋសភា ដើម្បីបកស្រាយនូវចម្ងល់មង្ទិលរបស់សិក្ខាកាមមកលើវិធានការគន្លឹះទាំង៣ ក្នុងការជំរុញដំណើរការអនុវត្តការជ្រើសរើស គ្រប់គ្រង និងអភិវឌ្ឍមន្ត្រីរាជការស៊ីវិល ក្នុងការសម្រេចឲ្យបាននូវទស្សនវិស័យ និងគោលដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។

សូមជម្រាបថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ មន្ទីរមុខងារសាធារណៈរាជធានី ខេត្ត និងមានការចូលរួមពីប្រធានក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួង ស្ថាប័ន អភិបាល អភិបាលរងរាជធានី ខេត្ត ព្រមទាំងតំណាងការដ្ឋានកែទម្រង់វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលទាំង៥ រួមមាន៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ (អ.គ.ក.ស.), អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), លេខាធិការដ្ឋានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)) អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ (គ.ក.ប.យ.) និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ (គ.ក.ច.) សរុបប្រមាណ២៨០នាក់៕