(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Martin Chungong អគ្គលេខាធិការនៃសហភាពអន្តរសភា (Inter-Parliamentary Union - IPU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។
ក្នុងជំនួបនោះ លោកអគ្គលេខាធិការ IPU បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី «ពិភពលោកមួយដែលគ្មានមីន» ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។ លោកអគ្គលេខាធិការក៏បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់កម្ពុជានៅក្នុងវេទិកាអន្តរជាតិនានា ដែលការណ៍នេះជាការចូលរួមចំណែករបស់កម្ពុជាក្នុងការថែរក្សាសន្ដិភាពក្នុងតំបន់ និងសកលលោក។
លោកអគ្គលេខាធិការ ក៏បានគូសបញ្ជាក់ថា លោកចង់ឃើញកម្ពុជាចែករំលែកនូវបទពិសោធន៍អំពីភាពអត់ឱន និងការធានាសុខសន្ដិភាពផ្ទៃក្នុងប្រទេស ក្រោយពីទទួលបាននូវសន្តិភាពពេញលេញ ជាមួយបណ្ដាប្រទេសនានា នៅលើសកលលោក។
លោកក៏បានកោតសរសើរអំពីការរីកចម្រើននៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងបានបង្ហាញពីគោលបំណងនៃការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែល្អថែមទៀត រវាងសហភាពអន្តរសភា និងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណលោកអគ្គលេខាធិការ IPU ដែលបានចំណាយពេលដ៏មមាញឹកចូលរួមក្នុងកិច្ចប្រជុំកំពូលអនុសញ្ញាអូតាវ៉ា នៅលើទឹកដីសៀមរាប-អង្គរ។
សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារសំខាន់របស់ស IPU ដែលជាវេទិកាមួយសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង ស្ថាប័នសភា និងសភា ក៏ដូចជារដ្ឋាភិបាលនិងរដ្ឋាភិបាលនៃបណ្ដាប្រទេសលើសកលលោក និងបានគូសបញ្ជាក់អំពីតួនាទីរបស់កម្ពុជានៅក្នុងយន្តការសហភាពអន្តរសភា។ ជាមួយគ្នានោះ សម្ដេចបវរធិបតីបានស្វាគមន៍និងរីករាយចំពោះបំណងនៃការពង្រីកកិច្ចសហការបន្ថែមទៀតរវាងសហភាពអន្តរសភា IPU និងស្ថាប័ននីតិប្បញ្ញត្តិនៅកម្ពុជា៕