(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Andreas Motzfeldt Kravik អនុរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសន័រវែស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។
ក្នុងជំនួបនោះ លោកអនុរដ្ឋមន្ត្រីការបរទេសន័រវែស បានសម្ដែងការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី «ពិភពលោកមួយដែលគ្មានមីន» ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់លើវិស័យបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលជាបទពិសោធន៍ដ៏ល្អសម្រាប់បណ្ដាប្រទេសលើពិភពលោក។
លោកបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន័រវែស-កម្ពុជា ឱ្យកាន់តែល្អថែមទៀត ជាពិសេស ការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតបសម្ដេចបវរធិបតី បានថ្លែងអំណរគុណលោកអនុរដ្ឋមន្ត្រី និងគណៈប្រតិភូដែលបានចូលរួមកិច្ចប្រជុំកំពូល និងបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលន័រវែសដែលបានចូលរួមចំណែកដល់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, សកម្មភាពភាពបោសសម្អាតមីននៅកម្ពុជា និងការជួយគាំទ្រដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
សម្ដេចបវរធិបតីក៏បានសម្ដែងក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ន័រវែស និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់លោកអនុរដ្ឋមន្ត្រីក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ន័រវេស ពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។ សម្ដេចបវរធិបតី និងលោកអនុរដ្ឋមន្ត្រីក៏បានពិភាក្សាគ្នាអំពីបញ្ហាមួយចំនួនក្នុងតំបន់ និងសកលលោកផងដែរ៕