(កំពត)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានណែនាំដល់គ្រូបង្រៀនជាប់កិច្ចសន្យាទាំងអស់ត្រូវគោរពពេលវេលា បទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យបានល្អ និងយកចិត្តទុកដាក់ក្នុងការអប់រំបង្ហាត់បង្រៀនសិស្សដែលខ្លួនបំពេញការងារជាគ្រូបង្រៀននៅតាមសាលារៀន សំដៅឱ្យសិស្សក្លាយទៅជាតិធនធានមនុស្ស ជាទំពាំងស្នងឫស្សីក្នុងការចូលរួមបម្រើប្រជាពលរដ្ឋ និងជាតិ ដែលត្រូវការទៅថ្ងៃអនាគត។

ការលើកឡើងបែបនេះក្នុងឱកាសលោកអភិបាលស្រុកទឹកឈូក អ៉ឹម ច័ន្ទសោធន ដឹកនាំមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ជួបសំណេះសំណាលជាមួយគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ ឆ្នាំ២០២៤ ដែលទើបប្រឡងជាប់ថ្មីៗ នៅតាមសាលាបឋមសិក្សាក្នុងស្រុកទឹកឈូ ដែលបានរៀបចំប្រព្រឹត្តធ្វើឡើង នៅសាលប្រជុំសាលាស្រុក នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកអភិបាលស្រុកទឹកឈូ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ជូនចំពោះគ្រូបង្រៀនជាប់កិច្ចសន្យាចំណេះទូទៅ ឆ្នាំ២០២៤ ដែលទើបប្រឡងជាប់ថ្មីៗនៅតាមសាលាបឋមសិក្សាក្នុងស្រុកទឹកឈូទាំងអស់នាពេលនេះ ដែលជានិច្ចជាកាល លោកអភិបាលខេត្ត តែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខគ្រប់គ្រូបង្រៀន មិនថាតែក្នុងភូមិសាសន៍ស្រុកស្រុកទឹកឈូប៉ុណ្ណោះទេ គឺនៅទូទាំងបណ្ដាស្រុក ក្រុងនៃខេត្តកំពតទាំងអស់តែម្ដង។

ទន្ទឹមនេះ លោកអភិបាលស្រុកទឹកឈូស្នើឱ្យគ្រូបង្រៀនជាប់កិច្ចសន្យាខាងលើទាំងអស់ ត្រូវចេះស្ដាប់ការណែនាំរបស់នាយកសាលា ក៏ដូចជាថ្នាក់ដឹកនាំពាក់ព័ន្ធ សំដៅអប់រំសិស្សានុសិស្សឲ្យមានចំណេះដឹង គុណភាពល្អ ប្រសិទ្ធភាពខ្ពស់ ក្នុងការទទួលលទ្ធផលនៃការសិក្សារបស់សិស្ស ពិសេសត្រូវរួមសាមគ្គីគ្នាក្នុងសាលា រវាងគ្រូបង្រៀននាយកសាលា ក៏ដូចជាសិស្សានុសិស្សផងដែរ។ អប់រំថែរក្សាសុខភាព ចេះរក្សាអនាម័យឲ្យបានល្អក្នុងសាលារៀន សំដៅកាត់បន្ថយនូវជំងឺឆ្លងផ្សេងៗផងដែរ៕