(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ាសាហារុ កូណូ (Masaharu KOHNO) បេសកជនពិសេសរដ្ឋាភិបាលជប៉ុន ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅ​វិមាន៧មករា រាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ លោក កូណូ បានសម្តែងសេចក្តី​រីករាយ​ជាទីបំផុត និងថ្លែងអំណរ​គុណសម្តេចតេជោ ដែលបានអុញ្ញាតឱ្យរូបលោក បាន​ចូលជួបសម្តែងការគួ​រ​សម​ដោយផ្ទាល់នាឱកាសនេះ។

លោកបេសកជនពិសេស បានរំលឹកថា លោកបានមកដល់កម្ពុជាលើកចុងក្រោយ កាលពី២៥ឆ្នាំមុន។ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជាពេលនេះ ក្រៅពីចូលរួម​កិច្ច​ប្រជុំ IPTP លើកទី១១ លោកពិតជាសប្បាយចិត្តណាស់ ដែលបានស្តាប់​បាឋកថា​របស់សម្តេចតេជោ ដោយផ្ទាល់ និងបានរៀនសូត្រពីសម្តេចអំពីបទពិសោធន៍​កសាង​សន្តិភាពនៅកម្ពុជា និងការដឹកនាំប្រទេសក្រោយទទួលបាន​សន្តិភាពពេញ​លេញ។

លោកបេសកជនពិសេសរដ្ឋាភិបាលជប៉ុនបន្តថា លោកពិតជាកោតសរសើរដោយ​ស្មោះអស់ពីដួងចិត្តចំពោះ សម្តេចតេជោ ដែលជាអ្នកឈ្នះ នៅក្នុងដំណើរស្វែង​រក​សន្តិភាពដល់ប្រទេសកម្ពុជាយ៉ាងពិតប្រាកដ។ លោកបន្ថែមថា ចាប់តាំងពីពេល​ដែលលោកបានជួបសម្តេចតេជោ ជាលើកដំបូងនៅឆ្នាំ១៩៩០ លោក តែងតែគោរព​សម្តេចតេជោ និងចាត់ទុកសម្តេចជាមិត្តដ៏ល្អរបស់ប្រទេសជប៉ុន។

លោក កូណូ បានថ្លែងអំណរគុណសម្តេច និងប្រទេសកម្ពុជា ដែលបានធ្វើ​ឱ្យ​ប្រទេសជប៉ុន មានមុខមានមាត់ក្នុងឆាកអន្តរជាតិ ពាក់ព័ន្ធការបញ្ជូន​ប្រតិបត្តិ​ការ​រក្សាសន្តិភាព (PKO) ទៅក្រៅប្រទេស ដោយសម្តេចយល់ព្រមឱ្យមាន PKO របស់​ជប៉ុននៅកម្ពុជាក្រោមឆ័ត្រអ៊ុនតាក់។

លោក បានបញ្ជាក់ថា ករណី PKO នេះ បានធ្វើប្រទេសជប៉ុនផ្លាស់​ប្តូរគោល​នយោ​បាយការបរទេសរបស់ខ្លួននៅក្នុងវិស័យនេះ។ បន្ទាប់ពីបញ្ជូន PKO លើកទី១​ទៅ​កម្ពុជា ជប៉ុន បានបន្តបញ្ជូន PKO នេះ ទៅប្រទេស Mozambique និងបណ្តា​ប្រទេសដទៃទៀតជាបន្តបន្ទាប់។

លោក ក៏បានសម្តែងនូវក្តីរំភើបចិត្ត និងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសៀវភៅ «In Search of Proactive Diplomacy: Increasing Japan’s International Role in the 1990s» ដែលលោក បានចងក្រង នៅក្នុង​ឆ្នាំ១៩៩៩ ត្រូវបានកំពុងបកប្រែជាភាសាខ្មែរ។

លោកសង្ឃឹមថា ក្រោយការបកប្រែបានបញ្ចប់ សៀវភៅនេះ នឹងត្រូវបាន​ផ្សព្វ​ផ្សាយ​ដល់ថ្នាក់ដឹកនាំ និងប្រជាជនជំនាន់ក្រោយឱ្យបានយល់ពីការរួមចំណែក​របស់​ជប៉ុន ក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជា រហូតទទួលបានជោគជ័យ។

លោក ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលតែងតែជឿទុកចិត្តលើប្រទេសជប៉ុន គាំទ្រជប៉ុន និងចូលរួមជាមួយជប៉ុននូវរាល់គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការ ទាំងទ្វេភាគី និងពហុភាគី។ លោក កូណូ បានបង្ហាញការកត់សម្គាល់យ៉ាងច្បាស់​ថា​ប្រទេសកម្ពុជា ជាប្រទេសដំបូងបំផុតដែលគាំទ្រគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ FOIP, បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និង​ការនេសាទត្រីបាឡែនជាដើម។ លោក បានបញ្ជាក់ថា ឆ្លងកាត់អ្វីដែលកម្ពុជា និង​ជប៉ុន បានធ្វើរួមគ្នា ក្នុងដំណាក់កាលដ៏លំបាកបំផុតនោះមក ប្រទេសជប៉ុន ក៏មាន​ជំនឿ និងទំនុកចិត្តយ៉ាងខ្លាំងលើមិត្តភាព និងទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។

ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះពាក្យពេច​ន៍កោត​សរ​សើរ និងសកម្មភាពដែលលោក កូណូ បានធ្វើជូនកម្ពុជា។ សម្តេច បានគូសបញ្ជាក់​ថា ប្រទេសជប៉ុន គឺជាប្រទេសនាំមុខគេក្នុងការជួយកម្ពុជា មានទាំងកម្លាំងបច្ចេក​ទេស និងជំនួយជាច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមក​ទល់​នឹងពេលបច្ចុប្បន្ន។

សម្តេចតេជោ បានលើកឡើងថា ទោះបីជាជប៉ុនមិនលុបចោលបំណុល​ដែល​កម្ពុជា​ជំពាក់ជប៉ុន ក៏ប៉ុន្តែជប៉ុនបានជួយរកវិធីដោះស្រាយជួយកម្ពុជា ដើម្បីឱ្យ​កម្ពុជា​អាចសងបំណុលជប៉ុនបាន។ បន្ទាប់ពីដោះស្រាយបំណុលរួច នៅឆ្នាំ១៩៩៩ ជប៉ុនបានផ្តល់កម្ចីដល់កម្ពុជា សម្រាប់សាងសង់កំពង់ផែព្រះសីហនុ ឥឡូវនេះ កំពង់​ផែខេត្តព្រះសីហនុ ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ឱ្យទៅជាកំពង់ផែ​ទឹក​ជ្រៅ ដើម្បីឱ្យនាវាចូលចតបាន ដោយមិនចាំបាច់ធ្វើការផ្ទេរទំនិញ។

សម្តេចតេជោ បានបញ្ជាក់ជូនលោកបេសកកជនថា កម្ពុជាបន្តគាំទ្រចំពោះមិត្ត​ជប៉ុន ទាំងគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានាដែលជប៉ុនដឹកនាំ ទៅតាម​គោលនយោបាយការបរទេស និងស្ថានភាពរបស់ប្រទេសកម្ពុជា។ សម្តេច បាន​សង្កត់​ធ្ងន់ថា កម្ពុជាគាំទ្ររាល់គំនិតផ្តួចផ្តើមទាំងឡាយណា ដែលបម្រើដល់​ប្រយោជន៍​រួម និងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ និងគោរពមជ្ឈ​ភាព​អាស៊ាន ហើយ FOIP របស់ជប៉ុន ក៏មិនបានផ្ទុយពីគំនិតផ្តួចផ្តើមចក្ខុវិស័យ​អាស៊ាន​ស្តីពីឥណ្ឌូប៉ាស៊ីហ្វិកនោះដែរ។

សម្តេចតេជោ បានបន្តថា កម្ពុជាគាំទ្រជប៉ុនក្នុងការនេសាទត្រីបាឡែន ដោយសារ ប្រទេសជប៉ុន មានការស្រាវជ្រាវច្បាស់លាស់ណាស់លើប្រធានបទនេះ។

សម្តេចតេជោ បានបន្តថា កម្ពុជាបានគាំទ្រជប៉ុនផងដែរក្នុងការរៀបចំកីឡា​អូឡាំ​ពិក និងការតាំងពីព័រណ៍ពិភពលោក (World Expo) ជាដើម៕