(សៀមរាប)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះមកបម្រើសេវាសុខាភិបាលដោយផ្ទាល់ ជូនប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យព្យាបាលនៅមណ្ឌលសុខភាពនៃសៀមរាប។

ក្នុងឳកាសនោះដែលលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានដើរតួជាបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប ដោយឥតគ្រោងទុកនេះ ដើម្បីសង្កេតដំណើរការមកទទួលសេវារបស់អ្នកជំងឺ និងសមត្ថភាពមន្រ្តីសុខាភិបាល ។

ជាងនេះទៅទៀតលោករដ្ឋមន្ត្រីបានចូលរួមពិនិត្យព្យាបាល ដោយប្រឡូកជាក់ស្តែងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋពិនិត្យផ្នែកសំខាន់ៗ ដូចជាឱសថស្ថាន កន្លែងចាក់វ៉ាក់សាំង ផ្នែកសម្រាល និងរោគស្រ្តី។

ក្នុងឳកាសនោះដែរ លោកសាស្ត្រាចារ្យ បានចូលរួមផ្តល់យោបល់ ក្នុងវគ្គបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពបុគ្គលិកសុខាភិបាលទាំង ៣២ឃុំ ទូទាំងខេត្តសៀមរាប ផ្តល់ចំណាត់ថ្នាក់មណ្ឌលសុខភាពសៀមរាប ជាគំរូក្នុងការរក្សាអនាម័យល្អ និងសេវាសមរម្យផងដែរ។

ទន្ទឹមនឹងនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរដល់មន្រ្តីសុខាភិបាល ដែលបម្រើសេវាសុខាភិបាលប្រកបដោយសមត្ថភាព និងការប្តេជ្ញាចិត្តខ្ពស់ ។លោកសាស្ត្រាចារ្យក៏បានជូនពរបុគ្គលិកសុខាភិបាល ទទួលបានសុខភាពល្អ និងជោគជ័យក្នុងការបម្រើសេវាសុខាភិបាលមានប្រសិទ្ធភាព និងសមធម៌ជូនប្រជាពលរដ្ឋ៕