(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សូមសម្តែងនូវសេចក្តីសោមនស្សរីករាយដែល ឯកឧត្តម អ៊ុច បូររិទ្ធ ត្រូវបានសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជា អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក្នុងឱកាសប្រកបដោយសេចក្តីសោមនស្សរីករាយ ដែល ឯកឧត្តម ត្រូវបានសម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខ្ញុំសូមសម្ដែងនូវការអបអរសាទរ ឯកឧត្តម ដោយស្មោះអស់ពីដួងចិត្ត និងប្រកប ដោយភាពកក់ក្តៅបំផុត»។

ឯកឧត្តម ជាអ្នកដឹកនាំដ៏ឆ្នើម និងប៉ិនប្រសប់មួយរូប ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចូលរួមយ៉ាងសកម្មបំផុតក្នុងកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ថែរក្សា បាននូវសុខសន្តិភាពជាតិ ស្ថិរភាពជាតិ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ, ការលើកតម្កើងលទ្ធិ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិបាន យ៉ាងល្អប្រសើរសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រៃ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ ថ រក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រា បុត្រីទាំង អស់ សូមមានជន្មាយុយឺនយូរ សុខុមាលភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន និងសូមបានសមប្រកបដោយព្រះ ពុទ្ធពរនិងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕