(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិនចូលសោធននិវត្តន៍ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើត

នៃកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤) ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីសំណេះសំណាលជាមួយយោធិនចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ក៏មានចូលរួមមានលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំកងរាជអាវុធហត្ថចល័ត មេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក្នុងនោះយោធិនចូលសោធននិវត្តន៍ចំនួន១៤នាក់។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ សេចក្តីនឹករំលឹកពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះយោធិនចូលសោធននិវត្តន៍ដែលបានរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ និងសូមថែរក្សាសុខភាពឱ្យបានល្អ។

ជាមួយគ្នានេះ តំណាងយោធិនសោធននិវត្តន៍បានគោរពថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងឧត្តមសេនីយ៍ត្រី មាស យ៉ត ដែលបានយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទនិងសូមគោរពជូនពរនាយឧត្តមសេនីយ៍មានសុខភាពល្អបរិបូរណ៍អាយុយឺនយូរ។

សូមបញ្ជាក់ផងដែរថា លោកនាយឧត្តមសេនីយ៍បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគជូនយោធិនចូលសោធននិវត្តន៍ចំនួន១៤នាក់ ក្នុង០១នាក់ទទួលបាន៖ អង្ករចំនួន១បេ ស្មើនឹង២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន១០០,០០០រៀល៕