(ព្រៃវែង)៖ សាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ជាពិសេសកុមារា កុមារី ឲ្យមកចូលរៀន យ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

នេះបើតាមការបញ្ជាក់របស់លោកស្រី ឯក សុវណ្ណារ៉ា នាយិកាសាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពល បានឲ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោកស្រីនាយិកាសាលាបានឲ្យដឹងបន្ថែមទៀតថា សាលាមត្តេយ្យរបស់រដ្ឋនេះស្ថិត នៅស្រុកពារាំង ខេត្តព្រៃវែង ក្នុងសាលានេះមានសិស្ស ចំនួន២៩៣នាក់ ស្រីចំនួន ១៣៣នាក់ និងបុគ្គលិក ១០នាក់ អ្នកគ្រូចំនួន ៧ គ្រូកិច្ចជាប់កិច្ចសន្យាចំនួន ៧នាក់ ដោយបែងចែកជាបីកម្រិត មានកម្រិតទាប មធ្យម និងកម្រិតខ្ពស់ ដោយទទួលសិស្សចូលរៀនចាប់ពីអាយុ ៣ រហូតដល់៥ឆ្នាំ។

លោកស្រីនាយិកាបានបន្តថា ការរៀបចំតុបតែងសោភ័ណ្ឌភាព បានធ្វើឲ្យមានភាពស្រស់ស្អាតនៅក្នុងសាលាមត្តេយ្យសិក្សាធនធានបណ្ឌិត ភីតថឺ លីណា ស្នាយពលនេះ គឺបាន តាមរយៈការជួយជ្រុំជ្រែងណែនាំចង្អុលបង្ហាញពីគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺលោកបណ្ឌិត ភីតផល្លី និងលោកស្រី ដែលជាអ្នកឧបត្ថម្ភគាំទ្រ មានទាំងសម្ភារៈក្មេងលេង ជាច្រើន រៀបចំតុបតែងធ្វើឲ្យសាលាបានស្អាតទាំងបរិស្ថានល្អផងដែរ។

ជាមួយគ្នានោះផងដែរ អាណាព្យាបាលសិស្សានុសិស្សដែលបាននាំកូនមករៀននៅក្នុងសាលាមត្តេយ្យសិក្សាធនធាន បណ្ឌិត ភីតថឺ លីណា ស្នាយពល នេះក៏បានលើកឡើងផងដែរថា កូនគាត់បានមករៀននៅទីនេះ គឺសប្បាយចិត្តចង់មករៀនហើយ ចង់មកទៀត ចំណែកឯ បញ្ញាស្មារតី ចំណេះដឹងរបស់គាត់ក៏មានការីកចម្រើនផងដែរ ព្រោះថានៅក្នុងសាលានេះអ្នកគ្រូៗបានខិតខំយកចិត្តទុកដាក់បង្រៀនកូនគាត់បានយ៉ាងល្អហើយម្យ៉ាងទៀតនោះសាលានេះក៏មានសោភ័ណភាពស្អាត អនាម័យល្អ ដែលធ្វើឲ្យទឹកចិត្តកូនៗរបស់គាត់ចង់មករៀនមិនដែលខាននោះទេ៕