(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិក និងមន្រ្តីរាជការរដ្ឋសភាទាំងអស់ សូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរយ៉ាងក្រៃលែង និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ ឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាស ដែល ឯកឧត្តម ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា «អនុប្រធានទី១ ព្រឹទ្ធសភា» នាសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
ការទទួលមុខតំណែងដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមចំពោះគុណវុឌ្ឍរបស់ ឯកឧត្តម ដែលជាឥស្សរជនជាតិ មួយរូបប្រកបដោយការលះបង់ខ្ពស់ និងជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។ នាពេលកន្លងមក ឯកឧត្តម បានរួមវិភាគទានយ៉ាង សកម្មក្នុងវិស័យការទូត ដោយសម្រេចបាននូវភាពជោគជ័យលើកិច្ចការងារការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម បាននិងកំពុងបន្តរួមចំណែក បំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមដឹកនាំព្រឹទ្ធសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាន នូវលទ្ធផលថ្មីៗធំធេងថែមទៀត សំដៅលើកកម្ពស់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស សុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យជាតិ បូរណភាពទឹកដី និងការលើកស្ទួយកិត្យានុភាពជាតិឱ្យកាន់តែល្បីរន្ទឺ បន្ថែមទៀតទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាមួយនឹងវឌ្ឍនភាពនៃការអភិវឌ្ឍលើគ្រប់វិស័យជាដរាបតរៀងទៅ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូនចំពោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕