(ភ្នំពេញ)៖ លោក ហង្ស សុតសំភារ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា គណៈស្ថាបត្យករកម្ពុជា បាននិងកំពុងរៀបចំគោលនយោបាយជាតិស្ដីពីស្ថាបត្យកម្មកម្ពុជា ចំនួន៦ផែនការយុទ្ធសាស្ដ្រ ដើម្បីឆ្ពោះទៅស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា។

ការថ្លែងបែបនេះរបស់លោក ធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និបាត២០២១ នៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោក ហង្ស សុតសំភារ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «គណៈស្ថាបត្យករកម្ពុជានៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគោលនយោបាយជាតិស្ដីពីស្ថាបត្យកម្មកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យគោលគឺ អត្តសញ្ញាណជាតិ កិត្យានុភាពជាតិ ឆ្ពោះទៅស្ថាបត្យកម្មខ្មែរនាសហសម័យកម្ពុជា និងសម្រេចចក្ខុវិស័យស្ថាបត្យកម្មឌីជីថលឆ្នាំ២០៣០-២០៥០ ឱ្យទទួលបានជោគជ័យ»

គោលនយោបាយជាតិស្ដីពីស្ថាបត្យកម្មកម្ពុជា ដែលមានចំនួន៦ផែនការយុទ្ធសាស្ដ្រ រួមមាន៖

ទី១៖ ការគ្រប់គ្រង និងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈវិស័យស្ថាបត្យកម្ម

ទី២៖ ជម្រុញការស្រាវជ្រាវ នវានុវត្ដន៍ និងការប្រកួតប្រជែងស្នាដៃស្ថាបត្យកម្ម

ទី៣៖ ពង្រឹងគុណភាពអប់រំដើម្បីទទួលបានជំនឿទុកចិត្ត

ទី៤៖ ជម្រុញការផ្សព្វផ្សាយសាធារណៈពីរបកគំហើញថ្មីៗ នៃវិស័យស្ថាបត្យកម្ម

ទី៥៖ ការលើកកម្ពស់ការយល់ដឹងពីតម្លៃវប្បធម៌សំណង់បេតិកភណ្ឌ

ទី៦៖ ការធ្វើសមាហរណកម្មវិស័យស្ថាបត្យកម្មចូលក្នុងសហគមន៍អាស៊ាន និងពិភពលោក៕