(សៀមរាប)៖ ប្រតិភូមកពីប្រទេសនានានៅជុំវិញពិភពលោក នៃអង្គការយុទ្ធនាការអន្តរជាតិ ដើម្បីបញ្ឈប់ការប្រើប្រាស់មីន និងសម្ព័ន្ធគ្រាប់បែកចង្កោម (International Campaign to Ban Landmines – Cluster Munition Coalition (ICBL-CMC)) ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីននៅកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បាននាំគ្នាសម្តែងមតិដោយបង្ហាញពាក្យស្លោកផ្សេងៗពីការប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីនគ្រប់ប្រភេទ។
សូមបញ្ជាក់ថា អង្គការ ICBL តែងតែរៀបចំការសម្តែងមតិដូច្នេះដើម្បីជំរុញដល់ប្រទេសនានាជុំវិញពិភពលោកចូលរួមគោរពអនុសញ្ញាអូតាវ៉ា។
សូមបញ្ជក់ថាសប្តាហ៍នេះពោលចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើទឹកដីខេត្តសៀមរាប កម្ពុជាពីប្រទេសធ្លាប់រងគ្រោះយ៉ាងខ្លោចផ្សាដោយសារសង្គ្រាម និងគ្រាប់មីននោះ ក្នុងឋានៈជាប្រធានអនុសញ្ញាអូតាវ៉ា បាន និងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាមួយប្រទេសរដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងដៃគូពាក់ព័ន្ធ ជជែកពិភាក្សាដើម្បីឈានឆ្ពោះទៅកាន់ពិភពលោកមួយគ្មានមីន។ ការគ្មានមីន ជាការនាំមកនូវភាពសុខដុមសម្រាប់មនុស្សជាតិ។
កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកគ្មានមីន មានការអញ្ជើញចូលរួមពីប្រទេស និងអង្គការដៃគូពាក់ព័ន្ធអនុសញ្ញាអូតាវ៉ាជាង១៥០។ កម្ពុជា បានក្លាយទៅជាប្រទេសដំបូងគេនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងការធ្វើជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលក្រោយពេលអនុសញ្ញាអូតាវ៉ា ចាប់កំណើតបាន២៥ឆ្នាំ។ កិច្ចប្រជុំកំពូលនេះ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់កម្ពុជា ហើយក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងនាមប្រទេសធ្លាប់រងគ្រោះដោយសង្គ្រាម និងដោយគ្រាប់មីន ក្នុងការចូលរួមលុបបំបាត់មីនលើសកលលោក៕