(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានសារលិខិតអបអរសាទរ ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ក្នុងឱកាសដែលលោក ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា «អនុប្រធានទី២ ព្រឹទ្ធសភា» នាសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការទទួលមុខតំណែងដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមចំពោះគុណវុឌ្ឍរបស់ ឯកឧត្តម ដែលជាឥស្សរជនជាតិ មួយរូបប្រកបដោយការលះបង់ខ្ពស់ និងជានិច្ចកាលតែងយកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី ការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមបម្រើផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។ នាពេលកន្លងមក លោកបានរួមវិភាគទានយ៉ាង សកម្មក្នុងវិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ដោយសម្រេចបាននូវភាពជោគជ័យ យ៉ាងត្រចះត្រចង់ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបាននិងកំពុងបន្តរួមចំណែកបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ដឹកនាំព្រឹទ្ធសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិកំពូល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវលទ្ធផលថ្មីៗធំធេងថែមទៀត សំដៅលើកកម្ពស់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស សុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យជាតិ បូរណភាពទឹកដី និងការលើកស្ទួយកិត្យានុភាពជាតិឱ្យកាន់តែល្បីរន្ទឺ បន្ថែមទៀត ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាមួយនឹងវឌ្ឍនភាពនៃការអភិវឌ្ឍលើគ្រប់វិស័យជាដរាបតរៀងទៅ»។

ជាថ្មីម្តងទៀត សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតា ថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូនចំពោះ លោក និងលោកស្រី ព្រមទាំងបុត្រាបុត្រីជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕