(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសធ្វើការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ក្នុងនាមជានាយករដ្ឋមន្ត្រី សូមសន្យាថា រាជរដ្ឋាភិបាលរបស់សម្តេនឹងបន្តគាំទ្រដល់ជោគជ័យរបស់ភ្ញៀវទាំងអស់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ហើយទ្វាររបស់របស់កម្ពុជាតែងតែបើកចំហពោះម្ចាស់អាជីវកម្មមកពីគ្រប់ទិសទីទាំងអស់ ព្រមទាំងនៅតែរក្សាគោលការណ៍ដែលអាចព្យាករណ៍បានដោយមិនផ្លាស់ប្តូរនោះទេ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ឈរខាងអ្នកធុរកិច្ចជានិច្ច និងផ្ដល់ការគាំទ្រគ្រប់ជំហាន និងគ្រប់មធ្យោបាយដល់រាល់អាជីវកម្មនៅកម្ពុជា។ នៅក្នុងអាណត្តិរបស់សម្តេច, យើងបានបន្ថែមពាក្យ «បច្ចេកវិទ្យា» ជាធាតុផ្សំថ្មីបន្ថែម នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីធ្វើពិពិធកម្ម និងទំនើបកម្មឧស្សាហកម្មរបស់យើង ដែលពឹងផ្អែកលើជំនាញ និងចំណេះដឹង។

ការថ្លែងក្នុងឱកាសដែលសម្តេចបានអញ្ជើញបើកកិច្ចប្រជុំកំពូល​សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំធ្វើការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ក្នុងនាមជានាយករដ្ឋមន្ត្រី ខ្ញុំសូមប្តេជ្ញាថារដ្ឋាភិបាលខ្ញុំនឹងបន្តគាំទ្រដល់ជោគជ័យរបស់ភ្ញៀវទាំងអស់ គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ទ្វាររបស់យើងតែងតែបើកចំហ យើងនៅតែរក្សាគោលការណ៍ដែលអាចព្យាករណ៍បាន»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងថា ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាកម្ពុជា ចំពោះអាជីវកម្មរបស់អ្នក គឺមិនមានការផ្លាស់ប្តូរទេ។ ដូច្នេះ សូមអញ្ជើញភ្ញៀវទាំងអស់ក្លាយជាផ្នែកមួយនៃការផ្លាស់ប្តូរកម្ពុជា ​មិនថានៅក្នុងផ្នែកបច្ចេកវិទ្យា ថាមពលបៃតង នវានុវត្តន៍បៃតង ឌីជីថល ឬការបណ្តាក់ទុនអ្វីផ្សេងនោះទេ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាដៃគូក្នុងភាពជោគជ័យរបស់អ្នកវិនិយោគិនទាំងអស់។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សូមអ្នកវិនិយោគទាំងអស់ ចូលរួមសរសេរជំពួកបន្ទាប់នៃអច្ឆរិយភាពសេដ្ឋកិច្ចរបស់អាស៉ីនៅក្នុងប្រទេសកម្ពុជា។ ដោយរួមគ្នាកសាងអនាគតប្រកបដោយនិរន្តរភាព និងវិបុលភាពបន្ថែមសម្រាប់យើងទាំងអស់គ្នា ព្រមទាំងសូមជូនពរកិច្ចប្រជុំកំពូលនេះក្លាយជាការចាប់ផ្តើមនៃភាពជាដៃគូដោយជោគជ័យទាំងអស់គ្នា៕