(កណ្តាល)៖ គណៈប្រតិភូរដ្ឋមន្ត្រី ក្រសួងការពារជាតិ៣ ប្រទេសកម្ពុជា ឡាវ និងវៀតណាម រួមានមាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួង ការពារជាតិកម្ពុជា, នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់យ៉ាឡាត់ ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ នាព្រឹកថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស វិទ្យាល័យទេពប្រណម ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកពញាឮ ខេត្តកណ្តាល និងបាននាំយកអំណោយមួយចំនួនទៅចែកជូនក្នុងឱកាសនោះទៀតផង។

នាឱកាសនោះដែរ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងថា ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បាននាំមកជូនប្រជាជាតិកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តជំរុញការអនុវត្តនូវយុទ្ធបញ្ចកោណដំណាក់កាលទី១ ដោយបានកំណត់ជាអាទិភាព និងវិធានការគន្លឹះនានា ពិសេសក្នុងការលើកកម្ពស់គុណ ភាពវិស័យអប់រំ និងធានាធ្វើយ៉ាងណាឱ្យសាលារៀន ក្លាយជាអង្គភាពផ្តល់សេវាសាធារណៈ ដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អនិងមានគណនេយ្យ ភាពជាមួយប្រជាជន និង សហគមន៍ ជាពិសេសឱ្យបណ្តុះបណ្តាល និងអភិវឌ្ឍកុមារ និងយុវជនឱ្យមានចំណេះដឹងទូលំទូលាយ សមត្ថភាពខ្ពស់ គំនិតច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្ត និងក្រមសីលធម៌ខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

ឆ្លើយតបទៅនឹងចក្ខុវិស័យ និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល លើវិស័យអប់រំ យុវជន និងកីឡា វិទ្យាល័យទេពប្រណម្យ គឺជាគ្រឹះស្ថានសិក្សាសាធារណៈដ៏លេចធ្លោមួយ ប្រចាំក្នុងមូលដ្ឋាន ស្រុកពញាឮ ខេត្តកណ្តាល។ បច្ចុប្បន្នក្នុងឆ្នាំសិក្សា ២០២៣-២៤ វិទ្យាល័យ ទេព ប្រណម្យមានសិស្សសរុបចំនួន ១,៣០៥នាក់ ស្រី ៦៩៨នាក់ និងមានលោកគ្រូ អ្នកគ្រូ សរុបចំនួន ៩៣នាក់។ ដោយឡែកចំពោះលទ្ធផលមធ្យមសិក្សាទុតិយភូមិ សិស្សានុសិស្ស ប្រឡងជាប់មានចំនួន ១៤៤នាក់ លើ១៨៣នាក់ (ស្រី ៩២នាក់) ស្មើនឹង ៧៨.៦៩% ក្នុងនោះ ទទួលបាននិទ្ទេសA ចំនួន២នាក់ (ស្រី២នាក់)។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកណ្តាល គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងរៀបចំពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យទេពប្រណម្យ ប្រកប ដោយភាពកក់ក្តៅ និងភាពស្រស់ស្អាត នាពេលនេះ។

ឧបនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែចាត់ទុកវិស័យអប់ ជាវិស័យមានអាទិភាពខ្ពស់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ឱ្យមានចំណេះដឹង មានសមត្ថភាព ច្នៃប្រឌិត ក្រមសីលធម៌ល្អ សំដៅ រួមចំណែកជួយបង្កើតនូវកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់លទ្ធភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក៏បានជំរាបដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យទេពប្រណមទាំងអស់ឱ្យបានជ្រាបដែរថា ឆ្នាំ២០២៤នេះ ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ៣ប្រទេស និងធ្វើលំហាត់សមយុទ្ធរួមរវាងកងទ័ព៣ ប្រទេសកម្ពុជា ឡាវ និងវៀតណាម។

ការប្រារព្ធពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យទេពប្រណម្យ គឺកម្មវិធីមនុស្សធម៌ដ៏ថ្លៃថ្លាមួយរួមចំណែកលើកកម្ពស់ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិ ការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរួមរវាងបីប្រទេសកម្ពុជា ឡាវ និងវៀតណាម។

រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៃប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងកិច្ចអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលិខិតបទដ្ឋានជាធរមាន និងឯកសារពាក់ព័ន្ធនានាក្នុងការទប់ស្កាត់អំពើជ្រុលនិយម ការមិនអនុញ្ញាតឱ្យកម្លាំងណាមួយប្រើប្រាស់ទឹកដីខ្លួនដើម្បីប្រឆាំងប្រទេសណាមួយការទប់ស្កាត់ បង្ក្រាប និងប្រយុទ្ធអំពើឧក្រិដ្ឋកម្មដូចជា៖ ការឆ្លងដែនខុសច្បាប់ ការជួញដូរគ្រឿងញៀន ការកាប់បំផ្លាញព្រៃឈើ ការជួញដូរមនុស្ស អំពើភេរវកម្មជាដើម សំដៅការកសាងព្រំដែនមិត្តភាព សន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍន៍ រួមចំណែកថែរក្សាសន្តិភាពនិងវិបុល ភាពនៅក្នុងតំបន់៕