(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានថ្លែងបញ្ជាក់ថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរីបំផុតនៅអាស៊ី។

សម្តេចបញ្ជាក់ថា តាមរយៈការជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០% ដោយមិនរឹងបន្តឹងលើប្រាក់ចំណេញ និងការផ្ញើដើមទុនត្រឡប់ទៅវិញ បានធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដែលមានភាពប្រកួតប្រជែង សម្រាប់ការវិនិយោគ។ សម្តេចនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ជោគជ័យរបស់អ្នកវិនិយោគ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលផងដែរ។

ការថ្លែងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូល​សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរីបំផុតនៅអាស៉ី។ ទាំងនេះមិនមែនគ្រាន់តែជាពាក្យរបស់ខ្ញុំទេ គោលយោបាយទាំងនេះ ត្រូវបានចែងយ៉ាងពេញលេញ នៅក្នុងការប្តេជ្ញចិត្តរបស់យើងចំពោះ WTO និងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិរបស់យើង។ ជាឧទាហរណ៍ យើងបានផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ ភាគរយ ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ និង ការផ្ញើដើមទុនត្រឡប់ទៅវិញនោះទេ ដែលនេះគឺជាចំណុចខុសគ្នា ជាមួយប្រទេសមួយចំនួននៅក្នុងតំបន់។ តាមរយៈការអនុញ្ញាតឱ្យអ្នកវិនិយោគរក្សាប្រាក់ចំណេញរបស់ពួកគេកាន់តែច្រើន យើងពិតជាបានធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅដែលមានភាពប្រកួតប្រជែង សម្រាប់ការវិនិយោគ។ ខ្ញុំជាជឿជាក់ថា ជោគជ័យរបស់អ្នកវិនិយោគ គឺជាជោគជ័យរបស់រាជរដ្ឋាភិបាលផងដែរ»

ជាមួយគ្នានេះ សម្តេចបវរធិបតីជឿថា សន្តិភាព និង ស្ថិរភាពនយោបាយ មិនមែនគ្រាន់តែជាភាពទាក់ទាញ សម្រាប់អ្នកវិនិយោគនោះទេ ប៉ុន្តែ «ជាកត្តាដែលចាំបាច់ខានពុំបាន»

សម្តេចបានថ្លែងទៀតថា កម្ពុជាមានកម្មវិធីលើកទឹកចិត្តកម្រិតខ្ពស់ ដែលមានភាពទន់ភ្លន់ខ្លាំង នៅក្នុងតំបន់ ដែលត្រូវបានរចនាឡើងដើម្បីជួយអាជីវកម្ម និងការវិនិយោគឱ្យមានការរីកចម្រើន។ បណ្តាញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់កម្ពុជា បានផ្តល់នូវវិសាលភាពទីផ្សារធំទូលាយ ។ តាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP), កម្ពុជាផ្តល់នូវទីផ្សារ ដែលមានប្រជាជន ២,៣ ប៊ីលាននាក់ និងកម្លាំងសេដ្ឋកិច្ច ដែលស្មើនឹងជិតមួយភាគបី នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក៕