(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលរបស់យើង គឺឈរនៅខាងអ្នកធុរកិច្ចជានិច្ច ហើយយើងតែងតែនៅជួយគាំទ្រ ដល់អ្នកគ្រប់ជំហាន។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តថា ក្នុងនាមជានាយករដ្ឋមន្ត្រី សូមសន្យាថា រាជរដ្ឋាភិបាល នឹងបន្តគាំទ្រដល់ជោគជ័យរបស់ភ្ញៀវទាំងអស់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញចូលរួម ក្នុងពិធីបើកកិច្ចប្រជុំកំពូល​សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «គណៈកម្មាការបានជំរុញការដោះស្រាយវិវាទវិស័យឯកជន ដោយបានធ្វើការដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាព។ ខ្ញុំចង់បញ្ជាក់ថា រាជរដ្ឋាភិបាលរបស់យើង គឺឈរនៅខាងអ្នកធុរកិច្ចជានិច្ច ហើយយើងតែងតែនៅជួយគាំទ្រ ដល់អ្នកគ្រប់ជំហាន»

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា «ក្នុងអាណ្ណិតរបស់ខ្ញុំ យើងបានបន្ថែមពាក្យបច្ចេកវិទ្យា ជាធាតុផ្សំថ្មីបន្ថែម ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាកកាលទី១ ដើម្បីធ្វើពិពិធកម្ម ទំនើបកម្ម និងឧស្សាហកម្ម ដោយពឹងផ្អែកលើជំនាញ និងចំណេះដឹង»

សម្ដេចបវរធិបតីបានបន្ថែមថា ជាការពិតណាស់ យើងមិនអាចស្រមៃថា យើងអាចសម្រេចចក្ខុវិស័យកម្ពុជា២០៥០ ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតខ្ពស់ ដោយគ្មានការរីកចម្រើនខ្លាំងខាងផ្នែក បច្ចេកវិទ្យា និងធនធានមនុស្សដែលមានជំនាញនោះទេ។​

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្លួនខ្ញុំផ្ទាល់មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការទាក់ទាញវិនិយោគ ដែលមានបច្ចេកវិទ្យាខ្ពស់ មានឆន្ទៈ ក្នុងការផ្ដល់ការលើកទឹកចិត្តកម្រិតខ្ពស់ និងឆ្លើយតបប្រកបដោយភាពបត់បែន សម្រាប់ក្រុមហ៊ុនដែលមានឆន្ទៈ ក្នុងការបង្កើតភាពជាដៃគូរ សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។ ខ្ញុំសូមប្ដេជ្ញាចិត្តក្នុងនាមជានាយករដ្ឋមន្រ្ដី ខ្ញុំសូមប្ដេជ្ញាថា រដ្ឋាភិបាលខ្ញុំនឹងបន្ដគាំទ្រ ដល់ជោគជ័យរបស់ភ្ញៀវទាំងអស់ គ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ទ្វារបស់យើងតែងតែបើកជំហរ ហើយយើងនៅតែរក្សាគោលការណ៍ដែលអាចព្យាករណ៍បាន»

សម្ដេចបវរធិបតីបានបន្ថែមថា «ការប្ដេជ្ញាចិត្តរបស់យើងចំពោះអាជីវកម្មរបស់អ្នក គឺមិនមានការផ្លាស់ប្ដូរទេ ដូច្នេះហើយខ្ញុំសូមអញ្ជើញភ្ញៀវទាំងអស់ ដើម្បីក្លាយជាផ្នែកមួយនៃដំណើរការ នៃការផ្លាស់ប្ដូរកម្ពុជា មិនថាផ្នែកបច្ចេកវិទ្យា ថាមពលបៃតង ឬការបណ្ដាក់ទុនផ្សេងៗទៀតនោះទេ កម្ពុជាបានត្រៀមខ្លួនជាស្រេចធ្វើជាដៃគូរ ក្នុងភាពជោគជ័យរបស់អ្នក»