(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ដើម្បីគាំទ្រដល់ការធ្វើអាជីវកម្មរបស់ របស់វិនិយោគិន ទាំងក្នុង និងក្រៅស្រុក សម្តេចបានបង្កើតយន្តការកម្រិតខ្ពស់ចំនួនពីរ ដែលជាយន្តការផ្ទាល់របស់សម្តេច ដើម្បីធានាប្រសិទ្ធភាពក្នុងការគាំទ្រអាជីវកម្ម ។
យន្តការទាំងពីរនោះរួមមាន ទី១. គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើការជាអ្នកគិតគូរ ផ្នែកយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលតាមដាននិន្នាការសកល និង ធានាឱ្យគោលនយោបាយនៅតែមានភាពប្រកួតប្រជែងនិងទី២ គណៈកម្មាធិការជំរុញការដោះស្រាយវិវាទវិស័យឯកជន ដែលធ្វើការដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស និង មានប្រសិទ្ធភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញបើកកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា «យើងយល់ថាពេលវេលាមានតម្លៃសម្រាប់អាជីវកម្មដែលនេះជាមូលហេតុដែលយើងទទួលបានដំណើរការចុះបញ្ចីក្រុមហ៊ុនមានលក្ខណៈឌីជីថល យើងបានសម្រួលដល់ដំណើរការអនុម័តការវិនិយោគ។
ជាងនេះទៅទៀតខ្ញុំបានបង្កើតយន្តការកម្រិតខ្ពស់ចំនួនពីរ ដែលជាយន្តការផ្ទាល់របស់ខ្ញុំ ក្នុងការគាំទ្រអាជីវកម្ម។ ទីមួយគឺ គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ដែលធ្វើការជាអ្នកគិតគូរ ផ្នែកយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលតាមដាននិន្នាការសកល និងធានាឱ្យគោលនយោបាយនៅតែមានភាពប្រកួតប្រជែង។ មួយទៀតគឺ គណៈកម្មាធិការជំរុញការដោះស្រាយវិវាទវិស័យឯកជន ដែលធ្វើការដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស និង មានប្រសិទ្ធភាព»។
ទន្ទឹមគ្នា សម្តេចបវរធិបតីថ្លែងចង់បញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា គឺឈរនៅខាងអ្នកធុរកិច្ចជានិច្ច ហើយតែងតែនៅជួយគាំទ្រដល់អ្នកគ្រប់ជំហាន។
ជាមួយគ្នានេះ សម្តេចបវរធិបតី បានធ្វើការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ក្នុងនាមជានាយករដ្ឋមន្ត្រី ដោយសន្យាថា រាជរដ្ឋាភិបាលរបស់សម្តេច នឹងបន្តគាំទ្រដល់ជោគជ័យរបស់ភ្ញៀវទាំងអស់ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។
សម្តេចបវរធិបតី គូសបញ្ជាក់បន្តថា «ទ្វាររបស់យើងតែងតែបើកចំហ ហើយយើងនៅតែរក្សាគោលការណ៍ ដែលអាចព្យាករណ៍បាន ។ ការប្តេជ្ញាចិត្តរបស់យើងចំពោះអាជីវកម្មរបស់អ្នក គឺមិនមានការផ្លាស់ប្តូរទេ»៕