(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបាន ពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ពានរង្វាន់នេះ ត្រូវបានថ្នាក់ដឹកនាំវិទ្យាស្ថាន KSI ប្រគល់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។
វិទ្យាស្ថាន KSI មានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី។ វិទ្យាស្ថាននេះ គឺជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ និងជាស្ថាប័នតភ្ជាប់រវាងរដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមនានា ឱ្យទៅជាផលសម្រេចដែលមានឥទ្ធិពល។ គោលដៅចម្បងរបស់វិទ្យាស្ថាន គឺការកសាងប្រទេសឱ្យកាន់តែប្រសើរឡើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
វិទ្យាស្ថាន KSI ជាអ្នកចាត់ចែងរៀបចំឈានមុខនៃសន្និសីទ និងវេទិកាដែលមានឥទ្ធិពល និងប្រកបដោយនវានុវត្តន៍ ដោយមានការចូលរួមពីសំណាក់អ្នករៀបចំគោលនយោបាយ ប្រធានក្រុមធុរកិច្ច និងអ្នកដឹកនាំអង្គការក្រៅរដ្ឋាភិបាលជាង ៣ពាន់នាក់ តាមរយៈព្រឹត្តិការកម្រិតខ្ពស់ជាង៦០ ចាប់តាំងពីចុងឆ្នាំ២០១៨មក។ បច្ចុប្បន្ន KSI គឺជាលេខាធិការសម្រាប់ក្លឹបសេដ្ឋកិច្ចដ៏ល្បីល្បាញនៃទីក្រុងគូឡាឡាំពួ ក្លឹបសេដ្ឋកិច្ចអាស៊ាន (AEC) និងវេទិកាសន្ទនា Rakyat។
វិទ្យាស្ថានតែងធ្វើការវាយតម្លៃ និងផ្តល់នូវពានរង្វាន់ក្នុងភាពជា អ្នកដឹកនាំ ដល់មេដឹកនាំប្រទេស អ្នកជំនួញ និងអង្គការសង្គមស៊ីវិលលើសមិទ្ធផលការងាររបស់ពួកគេ។
ការសម្រេចផ្តល់ពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីវិទ្យាស្ថាន បានសិក្សា និងវាយតម្លៃយ៉ាងល្អិតល្អន់ទៅលើលក្ខណៈសម្បត្តិនៃការដឹកនាំ និងសមិទ្ធផលទាំងឡាយ ដែលកើតចេញពីការដឹកនាំរបស់សម្តេចមហាបវរធិបតី។
វិទ្យាស្ថាន បានកត់សម្គាល់ពីភាពប៉ិនប្រសព្វ ឈ្លាសវៃ និងពោរពេញដោយឆន្ទៈមនសិការ ភក្តីភាពយ៉ាងមុតមាំចំពោះជាតិ និងប្រជាជន ក្នុងការដឹកនាំប្រទេសរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្នុងការបន្តរក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងជំរុញកំណើនសេដ្ឋកិច្ចចេញពីវិបត្តិសាកល ដោយរក្សាបានយ៉ាងល្អនូវស្ថានភាពម៉ាក្រូសេដ្ឋកិច្ច។ ជាពិសេសមិទ្ធផលនៃការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាំឱ្យមានការពេញចិត្តខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅ វិទ្យាស្ថាននេះ បានប្រគល់ពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើមពិភពលោក» ជូនសម្តេចតេជោ ហ៊ុន សែន ផងដែរ៕